ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំមន្ត្រីរាជការក្រោមឱវាទ គោរពវិញ្ញាណក្ខន្ធសពយុទ្ធជន សួន រ៉ោន
ព្រះវិហារ ៖ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារឯកឧត្តម ប្រាក់ សុវណ្ណ និង អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រួមទាំងកម្លាំងប្រដាប់អាវុធ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកព្រិន្ទបាលឯក សួន រ៉ោន ជាយុទ្ធជនដែលបានពលីជីវិតក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធជាមួយទាហានថៃ នៅតំបន់ព្រំដែនមុំបី កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ នារសៀលថ្ងៃទី២៩ ខែឧសភាស្ថិតក្នុងស្រុកជាំក្សាន្ត។ បន្ទាប់ ពីពិធីគោរពវិញ្ញាណក្ខន្ធរួច ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម គីម រិទ្ធី បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំង សម្រាប់ជម្លៀសប្រជាពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព។ការចុះពិនិត្យនាពេលនេះ ក្នុងគោលបំណងដើម្បីធានាថា ទីតាំងដែលប្រជាពលរដ្ឋជម្លៀសមក គឺជាទីតាំងប្រកបដោយសុវត្ថិភាពខ្ពស់។
ប្រភពពីមន្ត្រីមូលដ្ឋានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែឧសភាអាជ្ញាធរបានធ្វើការជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីកន្លែង សុវត្ថិភាពចំនួន១២គ្រួសាររួចមកហើយ ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នា នាប៉ុន្មានថ្ងៃមកនេះ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំ រដោះស្រែ ស្រុកជាំក្សាន្ត។ចំណែក ប្រជាពលរដ្ឋក្នុងឃុំមរកត ចំនួន ២ភូមិ ឃុំជាំក្សាន្ត ចំនួន ២ភូមិ ឃុំទឹកក្រហម ចំនួន ២ភូមិ និងឃុំស្រអែម ចំនួន ១ភូមិ នៅមិនទាន់បានជម្លៀសទីទួលសុវត្ថិភាពនៅឡើយទេ៕






ដោយ៖ឡុង សំបូរ