ប៉ូលិសម៉ិកស៊ិកប្រើឡាន Tesla Cybertruck ស៊ើបការណ៍សម្ងាត់

ម៉ិចស៊ីកូ ៖ ប្រជាជនម៉ិកស៊ិកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកខ្លះសុំថតសែលហ្វីជាមួយប៉ូលិស និងខ្លះទៀតសុំឈរថតជាប់ឡានប៉ូលិស នៅពេលកងកម្លាំងរដ្ឋ Jalisco បានប្រើប្រាស់ឡាន Tesla Cybertruck របស់មហាសេដ្ឋីពិភពលោក Elon Musk សម្រាប់ប្រតិបត្តិការស៊ើបការណ៍សម្ងាត់ និងការការពារឧក្រិដ្ឋកម្ម។

ប៉ូលិសរដ្ឋ Jalisco កំពុងធ្វើទំនើបកម្មយុទ្ធសាស្រ្តសន្តិសុខ នៅពេលដែលប្រទេសម៉ិកស៊ិកត្រៀមធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ២០២៦ ដោយទិញឡាន Tesla Cybertrucks ប្រើប្រាស់នៅក្នុងជួរប៉ូលិសរបស់ខ្លួន។

បើតាមសម្តីរបស់ប៉ូលិសម៉ិកស៊ិក ឡានអគ្គិសនីទាំងនេះនឹងជួយធានាសុវត្ថិភាព នៅពេលព្រឹត្តិការណ៍ FIFA World Cup ចាប់ផ្តើម ហើយប៉ូលីសនឹងប្រើឡាន Cybertrucks ចំនួនបីគ្រឿងបើកល្បាតជុំវិញតំបន់ទេសចរណ៍ដ៏មមាញឹក ក្នុងអំឡុងការប្រកួត។

យ៉ាងណាមិញ អ្នកស្រុកខ្លះព្រួយបារម្ភអំពីការចំណាយ ប៉ុន្តែលោកអភិបាលរដ្ឋ Jalisco គាំទ្រការវិនិយោគនេះ ហើយជឿថា វាជារឿងចាំបាច់ ដើម្បីធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាធារណៈ ដោយសារឡាន Cybertruck នឹងត្រូវប្រើសម្រាប់ការងារស៊ើបការណ៍ ការស្វែងរក ការឃុំខ្លួន និងការទប់ស្កាត់ឧក្រិដ្ឋកម្មទូទាំងរដ្ឋ។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ម្ចាស់ផ្ទះរៀបចំការប្រកួតមានដូចជាម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា ហើយមាន៤៨ក្រុមចូលរួម។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទូទាំង១៦ទីក្រុង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner