ហ្វីលីពីនគ្រោងជះលុយ ៥ពាន់លានដុល្លារទិញយន្តហោះចម្បាំងអាមេរិក

ម៉ានីល ៖ ចំពេលមានភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូងនោះ ហ្វីលីពីន បើតាមសេចក្តីរាយការណ៍ កំពុងខ្នះខ្នែងស្វែងរកលុយ ៥.៥ពាន់លានដុល្លារទិញយន្តហោះចម្បាំង F-16 ពីអាមេរិក ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងអាកាសប្រទេសរបស់ខ្លួន។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បាននិយាយថា ឥឡូវនេះ ហ្វីលីពីនកំពុងធ្វើការជាមួយភាគីអាមេរិក និងក្រុមហ៊ុនម៉ៅការការពារជាតិ Lockheed Martin ដើម្បីស្វែងរកវិធីជួយហ្វីលីពីនអាចទិញយន្តហោះចម្បាំង F-16 បាន។

កាលពីខែមេសា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិកបាននិយាយថា ហ្វីលីពីនមានបំណងទិញយន្តហោះចម្បាំង F-16 ចំនួន ២០គ្រឿង រួមទាំងឧបករណ៍ពាក់ព័ន្ធ។

គិតមកទល់ពេលនេះ នៅក្នុងដៃកងទ័ពអាកាសហ្វីលីពីនមានយន្តហោះចម្បាំង FA-50 ចំនួន ១១គ្រឿងទៀតនៅក្នុងឃ្លាំងសព្វាវុធរបស់ខ្លួន បន្ទាប់ពីបានដកយន្តហោះចម្បាំងដែលនៅសល់ក្នុងឆ្នាំ២០០៥។ ហ្វីលីពីនធ្លាប់មានយន្តហោះរាប់សិបគ្រឿង ប៉ុន្តែយន្តហោះ FA-50 ភាគច្រើនហួសសម័យ និងបានធ្លាក់នៅទីក្រុង Cebu កាលពីខែមីនាកន្លងទៅ ដោយបានសម្លាប់ពីឡុតពីរនាក់។

បច្ចុប្បន្ន រដ្ឋាភិបាលហ្វីលីពីន និង ចិនកំពុងប្រុងប្រយ័ត្នចំពោះការផ្ទុះជម្លោះណាមួយនៅសមុទ្រហ្វីលីពីនខាងលិច ដោយសកម្មភាពដែនសមុទ្រនៅ Ayungin Shoal និង Scarborough Shoal បានក្លាយជាចំណុចចាប់ផ្តើមនៃភាពតានតឹងរវាងប្រទេសទាំងពីរ។ ប៉ុន្តែហ្វីលីពីន និងអាមេរិកត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដូច្នេះប្រទេសទាំងពីរនឹងជួយគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារ៕

ប្រភព ៖ Philstar ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner