កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព សម្រេចទទួលយកគណបក្សសន្តិភាពជាតិ ចូលជាសមាជិកថ្មី
(ភ្នំពេញ)៖ កិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព បានធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧ មករា ដោយកិច្ចប្រជុំនេះ បានសម្រេចទទួលយកគណបក្សសន្តិភាពជាតិ ចូលជាសមាជិកថ្មីក្នុងគណបក្សនយោបាយសម្ព័ន្ធភាព ដែលឡើងដល់ ២៩គណបក្ស ។
គណបក្សទាំង ២៩ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សយុវជនកម្ពុជា, គណបក្សធម្មាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សខ្មែរតែមួយ, គណបក្សឯកភាពជាតិខ្មែរ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សបំណងពលរដ្ឋ, គណបក្សខ្មែរអភិរក្ស, គណបក្សមហាសាមគ្គីជាតិខ្មែរ, គណបក្សនគរប្រជាធិបតេយ្យ, គណបក្សអំណាចប្រជាពលរដ្ឋ, គណបក្សខ្មែរអង្គរ, គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, គណបក្សម៉ូលីណាកា, គណបក្សចលនាប្រជាធិបតេយ្យ, គណបក្សអភិវឌ្ឍន៍កម្ពុជា, គណបក្សមហានគរ និងគណបក្សសន្តិភាពជាតិ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកយកព័ត៌មានសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំរវាងគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ឱ្យដឹងថា នៅថ្ងៃនេះ មានការសម្រេចជាឯកច្ឆន្ទពីគណបក្សទាំងអស់ដែលជាសម្ព័ន្ធភាព បានទទួលយកគណបក្សមួយទៀត គឺគណបក្សសន្តិភាពជាតិ ដែលបានចូលជាសមាជិកថ្មីនៅក្នុងគណបក្សនយោបាយសម្ព័ន្ធភាព ដែលឡើងដល់ ២៩គណបក្ស យោងទៅតាមបទបញ្ជាផ្ទៃក្នុង និងកិច្ចព្រមព្រៀងនយោបាយសម្ព័ន្ធភាព ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការកោតសរសើរចំពោះវឌ្ឍនភាពកើនឡើងរវាងគណបក្សនយោបាយសម្ព័ន្ធភាព ដែលមានកិច្ចសហការគ្នា ជួយដល់រាជរដ្ឋាភិបាល នាពេលកន្លងមក ។
សម្ដេចតេជោ ក៏បានចែករំលែកជាទស្សនៈដល់គណបក្សនយោបាយ ទាក់ទងទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដោយសម្ដេច នៅតែបញ្ជាក់ជូនគណបក្សនយោបាយទាំងអស់ ពីជំហរនយោបាយរបស់កម្ពុជា គឺយើងមិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែដូចសម្ដេចបានថ្លែងការពីម្សិលមិញដោយបញ្ជាក់ជាថ្មីថា បើសិនជាមានការចាំបាច់ យើងនឹងធ្វើសង្គ្រាម បើសិនជាមានការឈ្លានពានពីបរទេស ក្នុងករណីស្វ័យសិទ្ធិក្នុងការការពារខ្លួន ការពារបូរណៈភាពទឹកដី និងឯករាជ្យជាតិរបស់យើង ដែលវាក៏ស្របទៅនឹងគោលនយោបាយរបស់បណ្ដាគណបក្សសម្ព័ន្ធភាពផងដែរ ។
ក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការរួបរួមគ្នាជាសម្ព័ន្ធភាពពីបណ្ដាគណបក្សនយោបាយនានា គឺដើម្បីធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យកើតមានក្រុមជ្រុលនិយម ឬជាតិនិយមជ្រុល ។
សម្ដេច គូសបញ្ជាក់ថា ដរាបណានយោបាយជ្រុលនិយម នៅតែកើតមាន ប្រទេសយើង នៅតែមានហានិភ័យ ។ ដូច្នេះបើមានជនណា ក្រុមណា ដែលធ្វើសកម្មភាពចង់ផ្ដួលរំលំរាជរដ្ឋាភិបាលដោយផ្ទុយពីច្បាប់នោះ រាជរដ្ឋាភិបាល នឹងចាត់វិធានការតាមច្បាប់ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅមេដឹកនាំគណបក្សនយោបាយនានាថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នៅពេលខាងមុខ ហើយឥឡូវនេះ ក្រុមការងារព្រឹទ្ធសភា កំពុងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សដែលជាសម្ព័ន្ធភាពផងដែរ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ការធ្វើវិសោធនកម្មនៃច្បាប់នេះ ក្នុងគោលដៅពង្រីក និងបង្កើននូវគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ