ជឺជីតស៊ូកម្ពុជានាំយកមេដាយ ១១គ្រឿងជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults
(ភ្នំពេញ)៖ កីឡាករកីឡាការិនីជឺជីតស៊ូកម្ពុជាបានត្រឡប់មកដល់មាតុប្រទេសវិញហើយ ដោយនាំយកមេដាយសរុប១១គ្រឿងជូនកម្ពុជា ពីការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults ប្រទេសហ្សកដានី។
លោក Jasper Martjin Paas គ្រូបង្វឹកក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា បានថ្លែងថា លទ្ធដែលទទួលបានពីការប្រកួតជើងឯកអាស៊ីនេះ គឺជាជោគជ័យដ៏ល្អមួយលើសការរំពឹងទុកទៅទៀត ។ព្រោះឆ្នាំមុនកម្ពុជាទទួលបានតែមេដាយសំរិទ្ធតែគ្រឿងប៉ុណ្ណោះ ខណៈឆ្នាំ២០២៥នេះ យើងដណ្តើមបានមេដាយមានទាំងមាស ប្រាក់និងសំរិទ្ធ។
លោក សង្ឈឹមថា លទ្ធផលនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អក្នុងការប្រជែងដណ្តើមបានមេដាយពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាអំឡុងខែ ធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។
ដោយឡែកកីឡាការិនី ហេង ស៊ុយហៀង ដែលប្រជែងដណ្តើមបានមេដាយមាស បានថ្លែងប្រាប់ទាំងសប្បាយចិត្តថា សមិទ្ធផលដែលទទួលបាននៅឆ្នាំនេះ គឺនាងរំភើបខ្លាំងណាស់ ព្រោះថា មុនដណ្តើមបានមេដាយមាស គឺការប្រកួតមានការប្រជែងយ៉ាងស្វិតស្វាញ ។ នាងបានប្តេជ្ញាចិត្តថា និងខិតខំដុះខិតសមត្ថភាពឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីឈានទៅដណ្តើមមេដាយពិភពលោក និងស៊ីហ្គេម ជូនកម្ពុជា។
កីឡាករទាំង៦រូបដែលត្រូវបានបញ្ជូនទៅប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults នៅប្រទេសហ្សកដានី មាន កីឡាករ មឿនលីម សុបញ្ញា កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា កីឡាការិនី ទីន សុវណ្ណបួរកែវ កីឡាការិនី ហេង ស៊ីវហ៊ាង កីឡាការិនី គង់ម៉ូណា ជេសស៊ីកា ដឹកនាំលោក សំអុន បូរមី ជាប្រតិភូ លោក Jasper Martjin Paas ជាគ្រូបង្វឹក និងលោក Oliver Robert King ជាមន្ត្រីបច្ចេកទេស។ ការប្រកួតប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែឧសភា នាក្រុង Amman ប្រទេសហ្សកដានី។ជាលទ្ធផល កម្ពុជាដណ្តើមបានមេដាយសរុបទាំងអស់ ១១គ្រឿង ដោយក្នុងនោះមានមេដាយ មាស ២គ្រឿង ប្រាក់ ប្រាក់ ៦ និងសំរិទ្ធ ៣ ៕


រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ