កម្ពុជា នឹងរៀបចំបុណ្យភ្នំ បុណ្យអេកូទេសចរណ៍ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតដើម្បីទាក់ទាញវិស័យទេសចរណ៍
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងឱ្យដឹងថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ បុណ្យភ្នំ ,បុណ្យអេកូទេសចរណ៍ និងរួមទាំងរៀបចំព្រឹត្តិការណ៍តាមខេត្តនានា សំដៅធ្វើយ៉ាងណាទាក់ទាញវិស័យទេសចរណ៍នៅកម្ពុជាឱ្យទទួលបានការចាប់អារម្មណ៍បន្ថែមទៀតទាំងភ្ញៀវ ជាតិ និងភ្ញៀងអន្តរជាតិ។
គួរបញ្ជាក់ថា ការលើកឡើង បែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅ ក្នុងវេទិការស្តីពី«ពិធីផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ»ដែលរៀបចំឡើងនាទីស្តីការក្រសួងព័ត៌មាននារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា៖ក្រៅពីគ្រោងរៀបចំបុណ្យភ្នំ និងអេកូទេសចរណ៍ ហើយកម្ពុជាក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍អន្តរជាតិ ដែលក្នុងនេះអាចនាំយកតារាលំដាប់ពិភពលោកមួយចំនួនមកចូលរួមផងដែរសំដៅធ្វើយ៉ាងណាជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។កន្លងមកកម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើនរួចមកហើយ ក្នុងការផ្សព្វផ្សាយវិស័យនៅកម្ពុជាក្នុងនោះដូចជារៀបចំបុណ្យទន្លេអំឡុងខែមីនា អំឡុងត្រីមាសទី១ រៀបចំបុណ្យសមុទ្រនៅត្រីមាសទី៤រៀងរាល់ឆ្នាំ។សម្រាប់ពិធីបុណ្យភ្នំ និងអេកូទេសចរណ៍នឹងរៀបចំនៅត្រីមាសទី២ និង ទី៣ជាដើម។
ឯកឧត្តម ហួត ហាក់បានថ្លែងឱ្យដឹងដែរថា ក្រៅពីរៀបចំថ្ងៃបុណ្យសំខាន់ៗទាំងនេះក្រសួងក៏អាចនឹងបង្កើត និងក៏ដូចជារៀបចំព្រឹត្តិការណ៍ប្រចាំតាមតំបន់អេកូទេសចរណ៍នីមួយៗ ដើម្បីទាក់ទាញសក្តានុពលតាមតំបន់ក្នុងនេះដូចជាខេត្តក្រចេះមានក្រូចថ្លុងឆ្ងាញ់នៅកោះទ្រុង និងខេត្តក្រចេះក៏មានក្រឡានឆ្ងាញ់ ជាដើម។តាមរយៈកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធយើងនឹងបង្កើតព្រឹត្តិការណ៍ទាំងនេះឡើងសម្រាប់បង្ហាញអ្នកទេសចរបានឃើញ បានដឹង ហើយនិងភ្លក្សអាហារទាំងនេះដែលជាចំណុចមួយទាក់ទាញលើវិស័យទេសចរណ៍។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា”កាលណាមានព្រឹត្តិការណ៍ ពេលនោះយើងនឹងមានអ្នកទេសចរចូលកម្សាន្តទាំងជាតិ និងអន្តរជាតិ។ សម្តេចបរវធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកន្លងមកធ្លាប់បានមានប្រសាសន៍ថា ភ្ញៀវទេសចរអន្តរជាតិពេលខ្លះមើលតែទេសចរជាតិទេ បើកន្លែងណាអ្នកទេសចរជាតិចូលកម្សាន្តច្រើនពួកគាត់នឹងតែងចូលកម្សាន្តផងដែរ”។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបាន មានប្រសាសន៍ថា៖ ចាប់តាំងតែពីដើមឆ្នាំ២០២៥នេះមក ដែលក្នុងនេះក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍បានធ្វើកិច្ចការជាមួយគ្នាក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ និងការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ យើងបានយកទ្រឹះស្តីថាមនុស្សម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍ ហើយក៏ជាមនុស្សម្នាក់ដែលប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយម្នាក់ផងដែរ”។នេះមានន័យថាវាបានភ្ជាប់ជាមួយនឹងកិច្ចការពារ នូវកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដែលផ្សព្វផ្សាយតែព័ត៌មានពិត។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់បន្ថែមថា ៖ ការទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយ ហើយនេះមិនត្រឹមតែជាផ្នែកមួយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សុវត្តិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវជំនឿទុកចិត្ត និងភាពជឿជាក់ទៅដល់ បងប្អូនប្រជាពលរដ្ឋជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងប្រទេសកម្ពុជា ទាក់ទងវិស័យទេសចរណ៍ផងដែរ៕




ដោយ ៖ ម៉ាដេប៉ូ