កាណាដាដោះដៃពីអាមេរិករត់ទៅពឹងអឺរ៉ុបវិញ
អូតាវ៉ា ៖ ស្របពេលដែលមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅតែចិញ្ចឹមចិត្តលេបយកប្រទេសខ្លួននោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ចង់ឱ្យប្រទេសរបស់លោកចូលរួមផែនការអឺរ៉ុបដ៏សំខាន់មួយ ដើម្បីពង្រឹងការការពារជាតិនៅត្រឹមថ្ងៃទី១ ខែកក្កដាខាងមុខ ។

ថ្មីៗនេះ លោក Carney បានប្រាប់សារព័ត៌មាន CBC ថា លោកសង្ឃឹមថា កាកាណាដានឹងស៊ីញ៉េចូលរួមផែនការ ReArm Europe ដែលជាគម្រោងបង្កើនការចំណាយលើវិស័យការពារជាតិដ៏ធំបំផុតនៅក្នុងទ្វីបនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។
ការអះអាងរបស់មេដឹកនាំកាណាដារូបនេះ
កើតឡើងចំពេលមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump នៅតែចង់លេបយកកាណាដាធ្វើជារដ្ឋទី៥១របស់អាមេរិក ហើយលោក Carney ក៏មិនចង់ចូលរួមគម្រោងប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome ដែលស្នើឡើងដោយលោក Trump។
គួរបញ្ជាក់ថា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា លោករំពឹងថា សមាជិកនៃសម្ព័ន្ធភាពការពារលោកខាងលិចនេះ រួមទាំងកាណាដា នឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំរបស់ពួកគេដល់កម្រិតមួយស្មើនឹង ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗ។
គោលដៅរបស់ណាតូពីមុន គឺ ២%ប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប ប៉ុន្តែលោក Rutte បានអះអាងថា សមាជិកត្រូវតែរៀបចំដើម្បីការពារខ្លួនពីសត្រូវដែលមានអំណាចកាន់តែខ្លាំង ដូចជារុស្ស៊ី និងចិន៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
