អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទទួលថ្នាំបាញ់មូស ១០០កេស ពីក្រុមហ៊ុន ទុំ ឡៅហេង ឧបត្ថម្ភដល់កងទ័ពជួរមុខ

(ភ្នំពេញ)៖ លោក ទុំ ឡៅហេង ប្រធានក្រុមហ៊ុន ទុំ ឡៅហេង (Tum Lavheng Co,Ltd ) តាមរយៈ ឯកឧត្ដម ប៉ក់ ណារ៉ូន បានផ្ដល់ជូននូវថ្នាំបាញ់មូសចំនួន១០០កេស ស្មើនឹង ២៤០០ដប ដល់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែកឧបត្ថម្ភដល់កងទ័ពជួរមុខដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិ។ ពិធីប្រគល់ និងទទួលថ្នាំបាញ់មូសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក ទុំ ឡៅហេង ប្រធានក្រុមហ៊ុន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន បានមានប្រសាសន៍ថា «ការផ្ដល់ថ្នាំបាញ់មូសនៅពេលនេះ គឺបានចូលរួមចំណែកក្នុងការជួយថែទាំសុខភាពកងទ័ពរបស់យើង។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ទុំ ឡៅហេង ដែលបានជួយដល់អង្គភាពកងទ័ពជួរមុខ ដោយមិនចំណាយថវិកា និងពេលវេលាដើម្បីព្យាបាលជំងឺផ្សេងៗ ដែលចម្លងពីមូស ហើយថ្នាំទាំងនេះ ឯកឧត្តម អគ្គមេបញ្ជាការបញ្ជាឲ្យយកទៅចែកជូនជាបន្ទាន់ដល់បណ្ដាកងឯកភាពជួរមុខ។

លោក ទុំ ឡៅហេង បានសម្តែងងនូវមនោសញ្ចេតនាសប្បាយរីករាយ និងពេញចិត្ត ដែលបានបំពេញតួនាទីជាប្រជាពលរដ្ឋ នៅក្នុងការចូលរួមចំណែកជួយដល់កិច្ចការសង្គម ក៏ដូចជាកិច្ចការការពារជាតិ និងសូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner