ប្រព័ន្ធគាំពារសង្គមបន្តបោះជំហានទៅមុខ ខណៈវិសាលភាពបានពង្រីកដល់ពលរដ្ឋជាង ៧,៥លាននាក់

(ភ្នំពេេញ)៖ តាមរយៈការដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ កន្លងមក, ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា បានបោះជំហានប្រកបដោយវឌ្ឍនភាព និងទទួលបានសមិទ្ធផលដ៏ច្រើន គួរជាទីមោទនៈ ។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ និងប្រកាសអន្តរក្រសួងស្តីពី ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ» នៅថ្ងៃទី៣០ ខែឧសភានេះ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មាធិការប្រតិបត្ដិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានឲ្យដឹងថា ប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរួមមានកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុន ជាង២ដង ខណៈការគ្របដណ្តប់ពលរដ្ឋបានកើនពីចំនួន ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ជាង ៧,៥លាននាក់ ក្នុងឆ្នាំ២០២៤ ដោយក្នុងនោះរបបសន្តិសុខសង្គមបាន និងកំពុងគ្របដណ្តប់ពលរដ្ឋសរុបប្រមាណ ២,៧លាននាក់ ។

បើតាមលោកស្រី ប៉ែន សុបភា បានបន្ថែមថា ទិដ្ឋភាពជំនួយសង្គម, គិតត្រឹមដំណាច់ឆ្នាំ២០២៤, កម្មវិធីជាតិជំនួយសង្គម គ្របដណ្តប់លើពលរដ្ឋចំនួន ១,២លានគ្រួសារ ដែលមានសមាជិកចំនួនជាង ៤,៨លាននាក់ (ស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយបានចំណាយថវិការដ្ឋ ក្នុងទំហំ ១,១៤០ប៊ីលានរៀល, សមមូលប្រមាណ ២៨៥លានដុល្លារអាម៉េរិក។

សម្រាប់ឆ្នាំ២០២៤, រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពកម្មវិធីជំនួយសង្គមដែលមានស្រាប់រួមទាំងមូលនិធិសុខាភិបាលដល់ក្រុមគោលដៅដែលជាជនរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាបានដាក់ឱ្យដំណើរការនូវកម្មវិធីថ្មីៗ។

ដោយឡែកនៅក្នុងទិដ្ឋភាពសន្តិសុខសង្គម គិតត្រឹមដំណាច់ឆ្នាំ២០២៤, របបសន្តិសុខសង្គមមានចំនួន៣ធំៗ បាននិងកំពុងគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២,៧លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដោយបានចំណាយថវិកាក្នុងមួយឆ្នាំប្រមាណ ២,២៩៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៥៧៤លានដុល្លារអាម៉េរិក។

គិតចាប់តាំងពីឆ្នាំ២០១៧ មក រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាព កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ។

ខណៈដែលប្រព័ន្ធគាំពារសង្គមកាន់តែរីកធំឡើង និងក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយបន្តតម្រង់ទិសសម្រាប់រយៈពេល ១១ឆ្នាំទៅមុខ, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner