វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ ដោយឥតបង់ថ្លៃ ៨០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងប្រាក់ឧបត្ថម្ភ
(ពោធិ៍សាត់)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៨០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង។

ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានចំណូលសមរម្យ។

ចំពោះមុខជំនាញសិក្សាមានចំនួន៤ ដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ ក្នុងនោះរួមមាន៖ (១).ការងារកំបោរ ចំនួន២០នាក់ (២).ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ចំនួន២០នាក់ (៣).ការថែទាំនិងចិញ្ចឹមត្រីប្រា ចំនួន២០នាក់ និង(៤).ការថែទាំនិងជួសជុលរថយន្ត ចំនួន២០នាក់។
លោក តុប ប៉ារី នាយករងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានបញ្ជាក់ថា មកដល់ពេលនេះ វិទ្យាស្ថាននៅតែបន្តទទួលពាក្យចូលសិក្សា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ និងចូលរៀននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។
សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ដែលមានទីតាំងនៅភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឬទំនាក់ទំនងតាមរយៈលេខ ០១២ ៣៣២ ៨៧៦ / ០៨៨ ៩៤ ៩៣ ០៥៦ / ០៩៣ ៥៧ ៥២ ៧៧ / ០៩៣ ៣១៤ ០០៧។
គួរបញ្ជាក់ថា ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល៕
ដោយ ៖ ង៉ាន់ ទិត្យ
