សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មទៅកាន់ក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព

ភ្នំពេញ៖ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្រឆាំងជ្រុលនិយមដែលព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងមេទ័ព និងកូនទ័ព ក្នុងពេលដែលកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែននៅខេត្តព្រះវិហារ។ ដោយសម្តេចធិបតីបានចោទសួរថា តើការព្យាយាមបំបែកបំពាក់ទឹកចិត្តកងទ័ពរបស់ក្រុមប្រឆាំង ពេលជិតផ្ទុះអាវុធនេះ គឺជាការស្នេហាជាតិដែរឬទេ? សម្តេចសង្កត់ធ្ងន់ថា ពេលមានសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា ជាក់ស្តែងការផ្ទុះអាវុធដាក់គ្នាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានអ្នកខ្លះចង់បំបែកមេទ័ព និងកូនទ័ព ដោយមួយថ្ងៃៗចេញតែរូបភាព។ វៃគ្នាគេមិនដែលទៅតែកូនទ័ពទេ មេទ័ពគេដឹកនាំបញ្ជាតាមថ្នាក់ សូម្បីតែឯកឧត្តម ហ៊ីង ប៊ុនហៀង ក៏នៅទីបញ្ជាការជួរមុខតែប៉ុន្មានគីឡូម៉ែត្រពីភាគីថៃ ឯកឧត្តម ឥត សារ៉ាត់ មេកងពល ឯកឧត្តម ស្រី ឌឹក ឯកឧត្តម កែវ ធី ឯកឧត្តម ពៅ ហេង មេភូមិភាគរបស់យើងដែលឈរជើងនៅមុខ ដែលគេកំពុងជេរថាមេទាហានសុទ្ធតែពុករលួយអាក្រក់នេះ តើអ្នកទាំងអស់នេះជានរណា? គឺសុទ្ធតែនាយទាហានដែលសល់ពីស្លាប់ ច្បាំងគ្នាតាំងពីឆ្នាំ៨០ជាងមក តស៊ូការពារទឹកដី ហើយគាត់ក៏ទៅប្រឈម ដើម្បីការពារទឹកដី ដឹកនាំកងទ័ពរបស់យើង។

សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា ឥឡូវខ្ញុំសួរបងប្អូន ដែលខំញែកអារម្មណ៍បំបែកបំបាក់ទឹកចិត្តកងទព័ឱ្យស្អប់មេទ័ព ក្នុងពេលដែលជិតផ្ទុះអាវុធនេះ ជាការស្នេហាជាតិដែរឬទេ? ពេលជិតវៃគ្នាយើងត្រូវឱ្យឈ្នះមែនទេ ? បើយើងចាញ់យើងបាត់ទឹកដី យើងស្លាប់កងទ័ព អីចឹងដើម្បីវៃបានកត្តាសំខាន់បំផុត គឺទឹកចិត្តមុះមុត មិនមែនពេលវេលាដែលត្រូវជាន់បំបាក់ទឹកចិត្តទេ អ្វីដែលសំខាន់ការងារធំ គឺត្រូវរួមគ្នា មេទ័ពក៏ត្រូវឡើងប្រយុទ្ធដូចគ្នាទេ ដោះស្រាយបញ្ហាធានាអាវុធ គ្រាប់ ធានាស្បៀង។ កាលពី២០០៨ ២០១១ ទោះបីខ្ញុំមិនឡើងប្រយុទ្ធផ្ទាល់ ក៏ខ្ញុំទៅស្រអែម ទៅព្រះវិហារ ដឹកចុះឡើងដូចតែគ្នាទេ»។

សម្តេចធិបតីក៏បានពន្យល់អំពីតួនាទី ភារកិច្ចមួយចំនួនរបស់កងទ័ព ដូចជាកងទ័ពខាងភស្តុភារ បម្រើដល់ការផ្គត់ផ្គង់, កងទ័ពផ្នែកសិល្បៈ គឺបម្រើដល់សកម្មភាពសិល្បៈសម្រាប់កងទ័ព, ទ័ពប្រយុទ្ធជាដើម។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគួរយ៉ាងខ្លាំងពីជីវភាពរបស់កងទ័ព ក្នុងរបបហូបចុករបស់កងទ័ពជួរមុខជិតស្មើនឹង ១គុណ២ របស់ទាហានជួរក្រោយ និងមានគោលនយោបាយដីផ្ទះថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner