ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្អូនៗនៅផ្ទះបាយកុមារខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិកសមាជិកា និងសហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. អញ្ជើញចូលរួមរៀបចំខួបកំណើតដល់ប្អូនៗកុមារនៅអង្គការផ្ទះបាយកុមារ។

ក្នុងឱកាសប្រកបដោយក្ដីសោមនស្សរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. បងប្អូនអ្នកផលិតមាតិកាលើបណ្ដាញសង្គម និងសប្បុរសជនទាំងអស់ ដែលតែងបានចូលរួមចំណែករៀបចំកម្មវិធីជួបជុំ ចូលរួមឧបត្ថម្ភជាស្បៀងអាហារ ជាថវិកា និងកាដូ ដើម្បីចែកជូនដល់ប្អូនៗជារៀងរាល់ឆ្នាំ។

ឯកឧត្តមបានបន្តថា ការចំណាយពេលមួយថ្ងៃ ឬមួយពេលរបស់យើងទាំងអស់គ្នា គឺជាការចូលរួមដ៏មានន័យ ក្នុងការផ្ដល់ជាកម្លាំងចិត្ត និងជាមធ្យោបាយដល់អង្គការផ្ទះបាយកុមារឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីជួយប្អូនៗកុមារក្រីក្រខ្វះខាត។ បន្ថែមពីនេះ ជំនួបនេះ គឺជាការបង្កើតអនុស្សាវរីយ៍ និងរឹតចំណងទំនាក់ទំនងរវាង ប៉ា និង កូន តាមរយៈការចែករំលែកក្ដីស្រលាញ់ និងបង្កើតបរិយាកាសដ៏កក់ក្ដៅ។

ឯកឧត្តម ក៏បានផ្ដាំដល់ប្អូនៗផងដែរថា «យើងមានឱកាសជួបគ្នារាល់ឆ្នាំ ដោយប៉ាមិនទៅណាទេ ប៉ានឹងចាំជួយកូនៗទាំងអស់គ្នា។ ដូច្នេះ សូមកូនៗខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ។»

សូមជម្រាបថា ជានិច្ចជាកាល ឯកឧត្តម ហ៊ុន ម៉ានី តែងតែឆ្លៀតពេលវេលាដ៏មមាញឹក អញ្ជើញមកជួបកុមារនៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ សួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម្ភ និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើតនូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាលជាមួយប្អូនៗផងដែរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner