យូអិនព្រមានថា ហ្កាហ្សាក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតក្នុងលោក
ហ្កាហ្សា ៖ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ បានព្រមានថា ហ្កាហ្សាបានក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតក្នុងលោក ខណៈប្រជាជនហ្កាហ្សាទាំងអស់ ឥឡូវនេះកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស ឬស្រែកឃ្លានអាហារស្ទើរដាច់ពោះស្លាប់។
អ្នកនាំពាក្យទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ (OCHA) លោក Jens Laerke បាននិយាយថា ឥឡូវនេះ ហ្កាហ្សាបានក្លាយជាតំបន់ជួបភាពស្រេកឃ្លានខ្លាំងបំផុតនៅលើផែនដី។
លោក Jens Laerke បន្តថា ប្រជាជនហ្កាហ្សាទាំងមូល ឬ១០០ភាគរយកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ ដោយលោកបានច្រានចោលការអះអាងរបស់អ៊ីស្រាអែល ដែលថា នៅទីនោះ គ្មានអ្នកដាច់បាយរហូតដល់ស្លាប់នោះទេ។
ប៉ុន្មានថ្ងៃថ្មីៗនេះ អ៊ីស្រាអែលបានបន្ធូរបន្ថយការទប់ស្កាត់ជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ដែលខ្លួនបានឡោមព័ទ្ធកាលពីថ្ងៃទី២ ខែមីនា បង្កឲ្យកើតមានវិបត្តិខ្វះស្បៀងអាហារ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។
ចំណែកការចរចាបញ្ចប់សង្រ្គាមជិត ២០ខែវិញ គិតមកទល់ពេលនេះបានបរាជ័យ ដោយអ៊ីស្រាអែលនៅតែបន្តប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ក្រោយបទឈប់បាញ់៦សប្តាហ៍ផុតកំណត់កាលពីមីនា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
