អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលទទួលបានឱកាសធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន

(ភ្នំពេញ)៖ អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ចំនួន៣០អង្គភាព រួមមាន មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ទទួលបានឱកាសធ្វើទស្សនកិច្ចសិក្សានៅអង្គភាពផ្តល់សេវាសាធារណៈវិស័យសុខាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។​ ប្រតិភូទាំងអស់បានធ្វើទស្សនកិច្ចនៅទីភ្នាក់ងារសុខភាពចិន​ ដែលជាស្ថាប័នរៀបចំគោលនយោបាយសុខាភិបាលរបស់ប្រទេសចិន និងទស្សនកិច្ចតាមមន្ទីរពេទ្យកម្រិតសហគមន៍ និងកម្រិតក្រុង ក្នុងរដ្ឋធានីប៉េកាំង។

ប្រធានគណៈប្រតិភូពីកម្ពុជា ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា “ការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក តាមរយៈដំណើរទស្សនកិច្ចសិក្សានៅតាមប្រទេសជឿនលឿនក្នុងតំបន់ ដូចជា សាធារណរដ្ឋប្រជាមានិតចិនជាដើមនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកគ្រប់គ្រងអង្គភាពនីមួយៗ​ អាចយកគោលគំនិតនិងបទពិសោធជាឧត្តមានុវត្តន៍និងនវានុវត្តន៍ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាក្នុងវិស័យសុខាភិបាលនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល”។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា “វិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែទាំ និងគាំពារសុខភាព និងសុខមាលភាពប្រជាជន តាំងពីការកើត រហូតដល់ស្លាប់។ ការរួមគ្នាធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ការបង្ការ ការព្យាបាល និងការថែទាំវេជ្ជសាស្រ្ត នឹងធ្វើឱ្យប្រទេសយើង មានភាពធន់កាន់តែខ្លាំង មានប្រជាជនដែលសកម្ម និងមានថាមពល ក្នុងការចូលរួមចំណែកសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការចង់បានរបស់ប្រជាជន។”

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរទស្សកិច្ចសិក្សា​ និងចែករំលែកបទពិសោធនៅក្រៅប្រទេសជូនអង្គភាពផ្តល់សេវាសាធារណៈ ដែលទទួលបានលទ្ធផលល្អក្នុងកម្មវិធី​វាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។​ ឆ្នាំនេះ​ ជ័យលាភីឆ្នាំ២០២៤ ត្រូវធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន២លើកផ្សេងគ្នា។​ លើកទី១ ជាទស្សនកិច្ចសម្រាប់វិស័យសុខាភិបាល នៅរដ្ឋធានីប៉េកាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។​ លើកទី២ ជាទស្សនកិច្ចសម្រាប់វិស័យអប់រំ កម្រិតសាលារៀនកម្រិតវិទ្យាល័យ និងសាលាមតេ្តយ្យសិក្សា នៅទីក្រុងយូណាន ខេត្តគួនមីង ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner