វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ២,៤០០កន្លែង លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ

(សៀមរាប)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន២,៤០០កន្លែង សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងមានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀត។

អាហារូបករណ៍ទាំង២,៤០០កន្លែងនេះ ត្រូវបានបែងចែកទៅតាមមុខជំនាញដែលសុទ្ធតែមានតម្រូវការខ្ពស់ក្នុងទីផ្សារ រួមមាន៖ (១).ជំនាញបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ៤៨០នាក់ (២).ជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៤៨០នាក់ (៣).ជំនាញថែទាំនិងជួសជុលរថយន្ត ៤២០នាក់ (៤).ជំនាញធុរកិច្ចភេសជ្ជៈ ៣០០នាក់ (៥).ជំនាញផលិតនំ ៣០០នាក់ (៦).ជំនាញការងារកំបោរ ១៨០នាក់ (៧).ជំនាញដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ១២០នាក់ (៨).ជំនាញសេវាកម្មកុំព្យូទ័រ ៦០នាក់ (៩).ជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ ៦០នាក់។

សម្រាប់យុវជនគោលដៅទាំងពីរក្រុមខាងលើដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមទាក់ទងមកកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងតាមបណ្ដោយមហាវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬទាក់ទងតាមរយៈទូរស័ព្ទលេខ៖ ០៨៧ ៥២៧ ៨៧៦ / ០៧៧ ៤៨៩ ៣៩៨ / ០៩៧ ៣៧២ ១៦២៧។

ក្រៅពីក្រុមយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វគ្គបណ្ដុះបណ្ដាលពិសេសនេះក៏បើកចំហសម្រាប់យុវជន និងប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករ-កម្មការិនីផងដែរ ដែលអាចដាក់ពាក្យចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈនេះបានដោយឥតបង់ថ្លៃដូចគ្នា គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។

គួរបញ្ជាក់ដែរថា ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីគោលនយោបាយបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមអាណត្តិដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ និងមានលទ្ធភាពទទួលបានប្រាក់ចំណូលសមរម្យ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner