កុមារ ៦០០នាក់ នៅអង្គការផ្ទះបាយកុមារ ទទួលបានភាពកក់ក្ដៅ ពីប៉ាៗ ហ៊ុន ម៉ានី តាមរយៈកម្មវិធីខួបកំណើតរួមគ្នា

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានកុមារ នៃអង្គការផ្ទះបាយកុមារ ចាត់ទុកជាប៉ាៗ រួមនឹងសមាជិក សមាជិកា នៃគ្រួសារស.ស.យ.ក. ព្រមទាំងសប្បុរសជន បានអញ្ជើញចូលរួមកម្មវិធីខួបកំណើតរួមគ្នារបស់កុមារចំនួន ៦០០នាក់ នៃអង្គការផ្ទះបាយកុមារ ស្ថិតនៅផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

អង្គការផ្ទះបាយកុមារ ចាប់បើកពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១០ ។ សព្វថ្ងៃនេះ កុមារប្រមាណជាង ៨៨៨ នាក់ បានទទួលសេវាពីផ្ទះបាយកុមារ ដោយក្នុង ១ថ្ងៃៗ មានកុមារពី ១៥០ ទៅ ២៥០នាក់ មកទទួលអាហារ ងូតទឹក កាត់សក់ លេង អាន សម្រាក ជាដើម ។

កុមារ និងអតីតកុមារ នៃអង្គការផ្ទះបាយកុមារ បានបង្ហាញក្ដីសប្បាយរីករាយចំពោះការយកចិត្តទុកដាក់មកលើកុមារក្រីក្រ កុមាររើសអេដចាយ សុំទាន បានទទួលអាហារហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន សរសេរ ងូតទឹក និងបានចូលរៀន ដោយផ្តល់សម្លៀកបំពាក់សិស្ស និងសម្ភារៈសិក្សាបានយ៉ាងល្អ ។ ពួកគេ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី និងសប្បុរសជននានា ដែលជួយគាំទ្រដល់អង្គការនេះ បានដំណើរការដោយរលូន ទើបធ្វើឱ្យពួកគេ បានរស់នៅស្រួលជាងមុន ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធីនេះរៀបចំឡើង ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥ ។ ឯកឧត្តម បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់លោក ង៉ូវ ឈីវ ប្រធានអង្គការ ផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងថែរក្សានូវស្ថេរភាពរបស់អង្គការផ្ទះបាយកុមារ កន្លងមក ។

ឯកឧត្តម បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. បងប្អូនអ្នកផលិតមាតិកា លើបណ្ដាញសង្គម និងសប្បុរសជនទាំងអស់ ដែលតែងបានចូលរួមចំណែករៀបចំកម្មវិធីជួបជុំ ចូលរួមឧបត្ថម្ភជាស្បៀងអាហារ ជាថវិកា និងកាដូ ដើម្បីចែកជូនដល់ប្អូនៗជារៀងរាល់ឆ្នាំ ។

ឯកឧត្តម បានបន្តថា ការចំណាយពេល ១ថ្ងៃ ឬ ១ពេលរបស់យើងទាំងអស់គ្នា គឺជាការចូលរួមដ៏មានន័យ ក្នុងការផ្ដល់ជាកម្លាំងចិត្ត និងជាមធ្យោបាយដល់អង្គការផ្ទះបាយកុមារ ឱ្យបន្តបំពេញបេសកកម្មរបស់ខ្លួន ដើម្បីជួយប្អូនៗកុមារក្រីក្រខ្វះខាត ។ ជំនួបនេះ គឺជាការបង្កើត អនុស្សាវរីយ៍ និងរឹតចំណងទំនាក់ទំនងរវាង ប៉ា និង កូន តាមរយៈការចែករំលែកក្ដីស្រលាញ់ និងបង្កើតបរិយាកាសដ៏កក់ក្ដៅ។

ក្នុងនាមប៉ាៗ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានផ្ដាំដល់ប្អូនៗផងដែរថា យើងមានឱកាសជួបគ្នារាល់ឆ្នាំ ដោយប៉ាមិនទៅណាទេ ប៉ានឹងចាំជួយកូនៗទាំងអស់គ្នា។ ដូច្នេះ សូមកូនៗ ខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីមានអនាគតល្អ និងក្លាយជាធនធានល្អសម្រាប់សង្គមជាតិ ។

គួរបញ្ជាក់ថា គោលបំណងនៃការបង្កើតអង្គការផ្ទះបាយកុមារ មាន ៣ផ្នែកសំខាន់ៗ គឺ ១. ផ្នែកស្បៀង , ២. ផ្នែកអប់រំ និង ៣. ផ្នែកសុខភាព ដោយផ្ទះបាយកុមារ ជួយដល់ ១០សហគមន៍ សរុបកុមារចំនួន ៨៨៨នាក់ ។ មិនត្រឹមតែជួយកុមារនោះទេ ប៉ុន្តែផ្ទះបាយកុមារ បានជួយដល់និស្សិតជាង ១០នាក់ ដោយផ្តល់ជាស្បៀង សម្ភារៈអនាម័យ សម្លៀកបំពាក់ និងឧបត្ថម្ភថវិកាខ្លះសម្រាប់ផ្គត់ផ្គង់ការសិក្សាផងដែរ ។

ក្រៅពីនេះ ផ្ទះបាយកុមារ ក៏ជួយផ្តល់ទឹកដោះគោដល់ទារក ចំនួន ១៤៥ នាក់ ដែលទារកទាំងនេះ មានបញ្ហាសុខភាព ម្តាយមិនអាចឱ្យកូនបៅបាន ដូចជា៖ មានជំងឺអេដស៍ ញៀន គ្មានទឹកដោះ ម្តាយនៅវ័យក្មេងពេក និងក្រក្រីពេក រួមនឹងជួយអង្ករ និងគ្រឿងទេសដល់ចាស់ៗ ដែលរើសអេដចាយ និងចាស់ៗរកស៊ីតាមចិញ្ចើមផ្លូវ ចំនួន ៣០០នាក់ផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner