ចិនបញ្ជូនយានអវកាសទៅប្រមូលថ្មអាចម៍ផ្កាយ
ប៉េកាំង ៖ ថ្មីៗនេះប្រទេសចិនបានចាប់ផ្តើមបេសកកម្មមួយ ដែលមានគោលបំណងប្រមូលសំណាក ឬថ្មនៅលើអាចម៍ផ្កាយមួយ មានឈ្មោះថា “2016 HO3” ដែលស្ថិតក្នុងគន្លងតារាវិថីក្បែរភពផែនដី។
ការធ្វើដំណើរពីផែនដីទៅដល់ទីតាំងអាចម៍ផ្កាយនោះ ត្រូវបានរំពឹងថា នឹងចំណាយពេលជាង១ឆ្នាំ ហើយគោលដៅនៃបេសកកម្មរបស់យានអវកាសចិន គឺដើម្បីទៅយកសំណាក ឬថ្មអាចម៍ផ្កាយមកស្រាវជ្រាវនៅផែនដីវិញនៅចុងឆ្នាំ២០២៧។
ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ គ្រាប់រ៉ុក្កែត Long March-3B ដែលផ្ទុកយានអវកាស ធានវិន-២ (Tianwen-2) ត្រូវបានបញ្ជូនទៅកាន់ទីអវកាសចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង ក្នុងខេត្ត ស៊ីឆ័ន ភាគនិរតី នៅម៉ោងប្រមាណ ១និង៣១នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃព្រហស្បតិ៍។
បេសកកម្មនេះ ស្ថិតក្នុងក្របខណ្ឌគម្រោងរយៈពេល ១០ឆ្នាំ របស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីទៅយកសំណាកនៅលើអាចម៍ផ្កាយ « 2016 HO3 » មកស្រាវជ្រាវលើផែនដី និង ស្វែងយល់ពីផ្កាយដុះកន្ទុយ 311P ដែលស្ថិតក្នុងតំបន់ខែ្សក្រវ៉ាត់អាចម៍ផ្កាយ ចន្លោះភពអង្គារ និងភព Jupiter។ នេះបើយោងតាមនាយកទីភ្នាក់អវកាសចិន លោក Shan Zhongde។
ប្រសិនបើដំណើរបេសកកម្មនេះបានទទួលជោគជ័យ ចិននឹងក្លាយជាប្រទេសទី៣ បន្ទាប់ពីអាមេរិកនិងជប៉ុន ដែលអាចនាំយកសំណាកពីអាចម៍ផ្កាយមកស្រាវជ្រាវនលើផែនដី។ នេះជាការបោះជំហានទៅមុខមួយដ៏សំខាន់របស់រដ្ឋាភិបាលចិន ដើម្បីស្វែងយល់ពីអាចម៍ផ្កាយ « 2016 HO3 » ដែលអ្នកវិទ្យាសាស្រ្តជឿថាមានតម្រុយអំពីការកកើតនិងការវិវឌ្ឈរបស់ប្រព័ន្ធព្រះអាទិត្យ៕
ប្រភព ៖ NHK និង AFP ប្រែសម្រួល ៖ ឈឹម ទីណា
