រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឲ្យពិធីករ ពិធីការិនី ប្រើប្រាស់ រាជស័ព្ទ និងសង្ឃស័ព្ទ ឲ្យបានត្រឹមត្រូវ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីលើកកំពស់ការប្រើប្រាស់ភាសាជាតិឲ្យបានត្រឹមត្រូវ បានផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលមួយ ក្រោមប្រធានបទ «តួនាទីពិធីករ និងការប្រើប្រាស់រាជស័ព្ទ និងសង្ឃស័ព្ទ» ។ គោលបំណង នៃការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ភាសាជាតិឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់ និងក្រឹតក្រមនៃវាក្យសព្ទខ្មែរផងដែរ ។ កម្មវិធីដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាននោះ បានទទួលការបង្ហាត់បង្ហាញពីវាគ្មិនកិត្តិយស ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកមានចំណេះជំនាញជាពិធីករដែលមានបទពិសោធន៍ជាយូឆ្នាំ និងចូលរួមរៀនដោយពិធីករ-ពិធីការិនី ពីបណ្តាទូរទស្សនានាជាច្រើនរូបផងដែរ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភត្រា នៅក្នុងឱកាសនោះបានថ្លែងថា ពិធីករ ពិធីការិនី មិនមែនត្រឹមតែជាបុគ្គលដែលមានជំនាញដឹកនាំកម្មវិធីមួយដែលមានមនុស្សច្រើនចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបុគ្គលដែលសំខាន់បំផុតមួយនៅក្នុងសង្គម ដែលជាចំណែកមួយនៃការផ្សព្វ ផ្សាយនូវព័ត៌មានច្បាស់លាស់ដែលផ្តល់នូវចំណេះដឹង ពុទ្ធិ និងជាអ្នកដឹកនាំឲ្យពលរដ្ឋបានយល់ពីការប្រើប្រាស់ពាក្យពេចន៍វាក្យសព្ទខ្មែរឲ្យបានត្រឹមត្រូវតាមរយៈការនិយាយ និងការអានរបស់ពួកគេ ។

នៅក្នុងមេរៀន របស់ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានបង្ហាញជូនដល់ពិធីករ ពិធីការិនី នៅក្នុងឱកាសនោះ បានបង្ហាញពីប្រភេទនៃពិធីករ តួនាទីនៃពិធីករ វិជ្ជាជីវៈនជាពិធីករ រួមជាមួយនឹងការបង្ហាញការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទឲ្យបានត្រឹមត្រូវ ទៅតាមកម្មវិធីដែលមានព្រះវត្តមានព្រះមហាក្សត្រ និងព្រះសង្ឃគង់នៅក្នុងកម្មវិធីនោះផងដែរ ។

នៅជាមួយគ្នានោះ ឯកឧត្តម ជុំ កុសល នៅបានបញ្ជាក់អំពីតួនាទីនៃសម្តេចសង្ឃចំនួន ៤ព្រះអង្គ ដែលមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ បានប្រោសព្រះរាជទានឲ្យមានសិទ្ធិប្រើផ្លិតយសពិសេស នោះគឺទី១ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ។ ទី២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។ ទី៣៖ សម្តេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ។ និងទី៤៖ សម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ កម្ពុជា ។

ឯកឧត្តមបានបញ្ជាក់ថា សម្តេចសង្ឃចំនួន ៤ព្រះអង្គនេះ គឺជាសម្តេចសង្ឃដែលពិធីករ ពិធីការិនី ត្រូវប្រើសព្ទចំពោះព្រះអង្គ ជាព្រះរាជសព្ទ គ្រប់ខណៈពេលដែលមានព្រះវត្តមានព្រះអង្គនៅគ្រប់កម្មវិធី ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ទទក
