អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់បង្កើនឃ្លាំងសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានចេញមុខទាត់ចោលរបាយការណ៍របស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA ដែលចោទថា អ៊ីរ៉ង់បានបង្កើនឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីខែចុងក្រោយនេះ ពោលគឺដល់កម្រិតអាចផលិតអាវុយនុយក្លេអ៊ែរ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ បាននិយាយថា គិតត្រឹមថ្ងៃទី១៧ ខែឧសភា អ៊ីរ៉ង់បានប្រមូលផ្តុំសារធាតុអ៊ុយរ៉ាញ៉ូមកើនដល់ ៤០៨.៦គីឡូក្រាម ធៀបនឹងខែកុម្ភៈ មានត្រឹម ១១៣.៨គីឡូក្រាម តួលេខនេះកើនឡើងដល់ ៦០ភាគរយ ក្លាយជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរតែមួយគត់ដែលធ្វើដូច្នេះបាន។
យោងតាមរបាយការណ៍សម្ងាត់ ដែលឃើញដោយទីភ្នាក់ងារសារព័ត៌មានជាច្រើន បានឲ្យដឹងថា អ៊ីរ៉ង់បានអនុវត្តសកម្មភាពនុយក្លេអ៊ែរសម្ងាត់ជាមួយនឹងសម្ភារៈដែលមិនបានប្រកាសដល់ អង្គការ IAEA នៅទីតាំងចំនួនបី ដែលស្ថិតក្រោមការស៊ើបអង្កេតជាយូរមកហើយ ហើយបញ្ហានេះកំពុងបង្កជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ និងព្រមានអ៊ីរ៉ង់ឱ្យផ្លាស់ប្តូរទិសដៅរបស់ខ្លួនជាបន្ទាន់។
ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសរបាយការណ៍នេះ ដោយនិយាយថា ទីភ្នាក់ងារនេះបានប្រើប្រាស់ឯកសារក្លែងបន្លំ ដែលផ្តល់ដោយអ៊ីស្រាអែល ហើយបានអះអាងថា ការចោទប្រកាន់នេះ គឺមានភាពលម្អៀង និងគ្មានមូលដ្ឋាន។
ទន្ទឹមគ្នានេះ ប្រទេសអ៊ីរ៉ង់បានអះអាងសាជាថ្មីទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពតែមួយមុខគត់ប៉ុណ្ណោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា