សមាជរដ្ឋសភា និងព្រឹទ្ធសភា ចាប់ផ្ដើមដំណើរការនៅវិមានរដ្ឋសភា ដោយមានអង្គសមាជចូលរួមចំនួន ១៧៩អង្គ/រូប

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដែលមានរបៀបវារៈចំនួនបី ដោយមានវត្តមានចូលរួមពីសម្តេច​មហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ព្រមទាំងវត្តមានសមាជិកសមាជិកាចំនួន ១៧៩អង្គ/រូប ក្នុងនោះ សមាជិក សមាជិកាមកពីព្រឹទ្ធសភាចំនួន ៦១អង្គ/រូប មកពីរដ្ឋសភាចំនួន ១១៨អង្គ/រូប និងមានមកពីរាជរដ្ឋាភិបាល ចំនួន ៨៤រូប និង ២៩រូប មកពីក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សមាជព្រឹទ្ធសភារដ្ឋសភាដំណើរការទៅបានយោងទៅលើច្បាប់ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅសមាជព្រឹទ្ធសភារដ្ឋសភាមាត្រា ២ ចែងថា ការអនុម័តរបស់សមាជគឺយកតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិកសមាជទាំងមូល យោងតាមបទបញ្ជាផ្ទៃក្នុង នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រការ២៩ កថាខណ្ឌទី១ ដែលចែងថាការអនុម័តរបស់សមាជ យកតាមមតិភាគច្រើន​ដាច់ខាតនៃសមាជិកសមាជទាំងមូល ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តនូវសមាសភាព​លេខា​ធិការ​អង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន ៤រូប មាន៖ ១-ឯកឧត្តម ឃុត ចាន់ដារ៉ា, ២-ឯកឧត្តម សេង ញ៉ក់, ៣-ឯកឧត្តម ម៉ាន់ ឈឿន និង ៤-ឯកឧត្តម ឈើយ ចាន់ណា ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ រួមមាន៖

របៀបវារៈទី១-ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារ​សង្គម ។

របៀបវារៈទី២-ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ។

របៀបវារៈទី៣-ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម ។

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាំងមូល បានអនុម័ត លើសេចក្តី​ព្រាងរបៀបវារៈទី១ ទី២ និងទី៣ ចំនួន ១៨២សម្លេង ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ។ បន្ទាប់ពីបិទ​សមាជ នឹងមានការធ្វើសន្និសីទសារព័ត៌មានដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ ។

សូមជម្រាបថា យោងតាមមាត្រា២នៃច្បាប់ស្តីពីការរៀបចំ និងការ​ប្រព្រឹត្ត​ទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ឆ្នាំ២០១១ បានចែងថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ​ក្នុងករណីចាំបាច់ ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រយ៉ាងច្រើនលើសលប់មកលើ​រាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិ​កាល​ទី៧ កាលពីថ្ងៃខែកក្កដាឆ្នាំ២០២៣ កន្លងនេះ។ ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋ បានជារាជរដ្ឋា​ភិបាល ស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋ​សភា ព្រឹទ្ធសភាឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែល​រាជរដ្ឋាភិបាលសម្រេចបាន ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត បម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។ លទ្ធផលចេញពីសមាជ ជាលទ្ធផលឧត្តុងឧត្តមខ្ពង់ខ្ពស់បំផុត ដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច ។ សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាដំណើរលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner