នាយករដ្ឋមន្ត្រី៖ ទោះបីភាគីថៃ មិនឯកភាពលើកបញ្ហាតំបន់ ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ ICJ ក៏កម្ពុជា នឹងប្ដឹងទៅ ICJ ដែរ

(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បើទោះបីជាភាគីថៃ​ មិនឯកភាពលើកយកបញ្ហាតំបន់​ប្រាសាទ​តាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ ICJ ក៏ដោយ ក៏កម្ពុជា នឹងប្ដឹងទៅ ICJ ដើម្បីពន្លត់ និងបញ្ចប់បញ្ហានេះ កុំឱ្យមានភាពស្រពិចស្រពិលគ្នា ជាពិសេសការ​ធ្លាក់​ចូលរទីក្នុងការបំផុសរុញច្រានដោយក្រុមជ្រុលនិយម​នៅក្នុង​ប្រទេសថៃ និងកម្ពុជា ដែលអាចឈនទៅដល់ការផ្ទះអាវុធ និង​ប្រឈម​មុខដាក់គ្នា នេះជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ។

សម្ដេចធីបតី ក៏បានបញ្ជាក់ជូនអង្គសមាជ និងប្រជាពលរដ្ឋទាំង​អស់ថា បើទោះជា កម្ពុជា ព្យាយាមដោះស្រាយបញ្ហា​ព្រំដែន​ដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជា នៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាម​គ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុង​ករណី មានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ដោយ​ប្រើប្រាស់កម្លាំងកងទ័ព ។

ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាព​ណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈ​ពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារ​ទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ ។

ប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុង​សមាជ​រដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រ​ធាន​សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីសម្តេចមហា​រដ្ឋ​សភា ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន​សមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមាន សមាជិក​សមា​ជិកាចំនួន ១៧៩អង្គ/រូប ក្នុងនោះ សមាជិក សមាជិកាមក​ពីព្រឹទ្ធ​សភាចំនួន ៦១អង្គ/រូប មកពីរដ្ឋសភាចំនួន ១១៨អង្គ/រូប និងមាន​មកពីរាជរដ្ឋាភិបាល ចំនួន ៨៤រូប និង ២៩រូប មកពីក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ ។

សូមរំលឹកថា តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់​មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដោយមានសកម្មភាពជា​បន្តបន្ទាប់ របស់ក្រុមជ្រុលនិយមមួយចំនួនតូចបានបំផុស​នូវចលនា​ជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈម​មុខ​ដាក់គ្នា សារជាថ្មីនៅពេលខាងមុខ ។ សម្ដេច បានបញ្ជាឱ្យគណៈ​កម្ម​ការព្រំដែនចម្រុះកម្ពុជា រៀបចំការប្រជុំបន្ទាន់គណៈកម្មការព្រំដែន​ចម្រុះ (JBC) ជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ និងត្រៀមដាក់ចូលក្នុង​របៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌​អន្តរជាតិ (ICJ) តែម្ដង ។

សម្ដេចធិបតី សង្ឃឹមថា ភាគីទាំងពីរ នឹងអាចធ្វើការជាមួយគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន​នៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេក​ទេស និងច្បាប់អន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner