រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមសន្និសិទអន្តរជាតិឆ្នាំ ២០២៥ ស្តីពីការអភិរក្សផ្ទាំងទឹកកកនៅប្រទេសតាហ្ស៊ីគីស្ថាន
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ខណៈពេលដែលបានដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមសន្និសិទអន្តរជាតិឆ្នាំ ២០២៥ ស្តីពីការអភិរក្សផ្ទាំងទឹកកក បានថ្លែងអំណរគុណប្រទេសតាហ្ស៊ីគីស្ថានសម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទដ៏មានសារៈសំខាន់មួយនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាពេលវេលាដ៏សំខាន់មួយ គឺសន្និសិទ្ធនេះប្រព្រឹត្តស្របទៅនឹងខួបលើកទី ១០ នៃកិច្ចព្រមព្រៀងប៉ារីស ហើយឥលូវនេះកម្ពុជាយើងកំពុងរៀបចំ ផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុ(NDC 3.0) ផ្ញើរទៅ UNFCCC មុន សន្និសីទ្ធសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ៣០(COP-30)នៅខែវិច្ឆិកា ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា”យើងទាំងអស់គ្នាទទួលស្គាល់គម្លាតរវាងមហិច្ឆតាអាកាសធាតុនាពេលបច្ចុប្បន្ន និងការអនុវត្តជាក់ស្តែងរបស់ពួកគេ។ ដើម្បីបំពេញតាមគោលដៅ 1.5 អង្សាសេ យើងត្រូវការជាបន្ទាន់នូវការកាត់បន្ថយការបំភាយឧស្ម័នកាន់តែច្រើនដែលកិច្ចការនេះ ត្រូវការនូវ ធនធានហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងរដ្ឋអភិវឌ្ឍន៍កោះតូច (SIDS)។ ដើម្បីឱ្យ COP30 ទទួលបានជោគជ័យ យើងត្រូវកសាងទំនុកចិត្តឡើងវិញ កំណត់ការងារអាទិភាព និងការកសាងមូលដ្ឋានគ្រឹះដើម្បី សម្រេចមហិច្ឆិតារបស់យើង”។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច(LDC) កម្ពុជាងាយរងគ្រោះខ្លាំងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ NDC របស់យើងដែលបានធ្វើបច្ចុប្បន្នភាពពីឆ្នាំ 2020 ប្តេជ្ញាកាត់បន្ថយ 41.7% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ 2030 បើប្រៀបធៀបទៅនឹងអាជីវកម្មដូចធម្មតា ដែលមានលក្ខខណ្ឌលើការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាគ្រប់គ្រាន់។
ឥឡូវនេះយើងកំពុងរៀបចំនូវមហិច្ឆតា ដែលអាចធ្វើសកម្មភាពបាន និងរួមបញ្ចូល NDC 3.0 សម្រាប់ឆ្នាំ 2025។ ជាពិសេស កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការពិគ្រោះយោបល់ “ផែនទីបង្ហាញផ្លូវបាគូទៅប៊ែលឹម ដល់ 1.3 ពាន់ពាន់លាន” ដែលមានបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង និងឧបករណ៍សម្បទាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពអាកាសធាតុ លើកកម្ពស់ការការពារបរិស្ថាន និងធានារួមចំណែកឱ្យបាននូវភាពជោគជ័យរបស់ COP30 សម្រាប់អនាគតប្រកបដោយចីរភាព៕
ដោយ ៖ ម៉ាដេប៉ូ



