អង់គ្លេសជះលុយ ២ពាន់លានដុល្លារបង្កើនសន្ទុះផលិតកម្មសព្វាវុធ
ឡុងដ៍ ៖ អង់គ្លេសមានផែនការជះលុយរហូតដល់ ២ពាន់លានដុល្លារ ទៅក្នុងរោងចក្រផលិតសព្វាវុធថ្មី ដើម្បីបង្កើនសមត្ថភាពផលិតកម្មការពារជាតិ មុនពេលត្រួតពិនិត្យទ្រង់ទ្រាយធំឡើងវិញ នៅក្នុងកងកម្លាំងប្រដាប់អាវុធ និងយុទ្ធសាស្ត្រយោធារបស់ខ្លួន។
ការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃចន្ទនេះ នឹងវាយតម្លៃការគំរាមកំហែងដែលអង់គ្លេសប្រឈមមុខ ចំពេលដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន និងសម្ពាធពីលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើសម្ព័ន្ធមិត្តណាតូ ដើម្បីពង្រឹងការការពារជាតិ។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងជំរុញឱ្យរដ្ឋាភិបាលផ្តោតំសំខាន់លើឧស្សាហកម្មការពារជាតិ សំដៅបង្កើនស្តុកសព្វាវុធ ដើម្បីបំពេញតម្រូវការសង្គ្រាមដែលមានភាពជឿនលឿន។
បើតាមការបញ្ជាក់របស់រដ្ឋាភិបាល អង់គ្លេសក៏មានផែនការទិញអាវុធចម្ងាយ ឆ្ងាយ ដែលផលិតក្នុងស្រុកចំនួន ៧.០០០គ្រាប់ និង សាងសង់រោងចក្រផលិតគ្រាប់បែក និង ថាមពលយ៉ាងតិច ៦រោងចក្រ។
កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២.៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៧ ពោលគឺកើនឡើងពី ២.៣ភាគរយនាពេលបច្ចុប្បន្ន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

