អភិបាលខេត្តកំពង់ចាម៖ រយៈពេល៦ខែខាងមុខប្រជាពលរដ្ឋនៅឃុំព្រែកដំបូក នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់
កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្រជាពលរដ្ឋរស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ថា រយៈពេល៦ខែទៀត ប្រជាពលរដ្ឋនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ស្របតាមស្តង់ដាបច្ចេកទេស ខណៈក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតកំពុងមមាញឹកក្នុងការដំឡើងបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែម ដើម្បីឱ្យសម្ពាធទឹកខ្លាំងជាងមុន ។ឯកឧត្តមបញ្ជាក់ថា ការងារនេះបច្ចុប្បន្នសម្រេចបានប្រមាណ ៩ភូមិលើ៩ភូមិស្មើនឹង ១០០ភាគរយ ហើយ ដោយ នៅសល់តែការងារជួសជុលបណ្តាញដែលមានបញ្ហាបន្ថែមបណ្តាញថ្មីតិចតួចតាមជាក់ស្តែងតែប៉ុណ្ណោះ ។
ឯកឧត្តមថ្លែងបែបនេះនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីធ្លី និងបញ្ហាផ្សេងៗ នៅសាលាស្រុកស្រីសន្ធរ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។
ដោយសារពេលកន្លងមកប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការផ្គត់ផ្គងទឹកស្អាតនៅក្នុងឃុំព្រែកដំបូក ឯកឧត្តមអភិបាលខេត្តស្នើទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយក្រសួងក៏បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្មខេត្តកំពង់ចាមដែលមានតួនាទីគ្រប់គ្រងសេវាករទឹកស្អាតពិនិត្យមើលករណីខ្វះខាត់ទឹកស្អាតប្រើប្រាស់។ ដោយសង្កេតឃើញថាមានបញ្ហាបច្ចេកដែលនាំការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏បានណែនាំឱ្យសេវាករទឹកស្អាត រៀបចំបណ្ដាញចែកចាយផ្គត់ផ្គង់ទឹកថ្មីបន្ថែម។
ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះដែរ សេវាករទឹកស្អាតកំពុងសិក្សាផ្លាស់ប្តូរប្រព័ន្ធបណ្តាញខែ្សភ្លើងប្រវែង ២ ៥០០ម៉ែត្រ(រយ:ពេល ៦ ខែ ) និងសិក្សាពង្រីកអាងស្តុកទឹកស្អាតបន្ថែមទៀត ដើម្បីត្រៀមនៅពេលបន្ទុកប្រើប្រាស់ខ្លាំង ដោយ ត្រូវប្រើរយ:ពេល ៥ ខែ។ បន្ទាប់មកប្រជាពលរដ្ឋនៅក្នុងភូមិអំពិលចំនួន ១៣២ខ្នងផ្ទះលើ៣៨៧ ខ្នងផ្ទះស្មើនឹង ៣៤.១០ភាគរយ នឹងងាកមកប្រើប្រាស់ទឹកស្អាតវិញ។
ឯកឧត្តមអភិបាលបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅតាមភូមិមានខ្នងផ្ទះបានប្រើប្រាស់ទឹកស្អាតចាប់ពី ៧០ភាគរយឡើងទៅបើគិតនៅក្នុងឃុំព្រែកដំបូកទាំងមូលចំនួនខ្នងផ្ទះ(តំណ)ដែលបានប្រើប្រាស់ទឹកស្អាត ១ ៨៦១ខ្នងផ្ទះលើ២ ៣៦៣ ខ្នងផ្ទះស្មើនឹង ៧៨.៧៥ភាគរយ ។ ដូច្នេះនៅសល់ ៥០២ ខ្នងផ្ទះ ស្មើនឹង ២១.២៤ភាគរយទៀតនៅប្រើប្រាស់ប្រភពទឹកទន្លេខ្ពប ទឹកអណ្តូង ទឹកស្រះ ទឹកព្រែក និងទឹកភ្លៀងនៅឡើយ៕






ដោយ៖លី ពៅ