សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការបបួលភាគីថៃប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មាធិការព្រំដែន នៃប្រទេសទាំងពីរនៅបន្តការចរចា និងយន្តការដទៃទៀតនៅរក្សាទាំងអស់ ដោយមានយន្តការជួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយបណ្តាខេត្ត ប៉ុន្តែគ្រាន់តែលើកនេះ បបួលភាគីថៃយកបញ្ហាទាំងប៉ុន្មាននេះទៅតុលាការអន្តរជាតិទីក្រុងឡាអេ យើងបបួលបែបនេះ គឺជាការគួរសមមួយរបស់យើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បើមិនពឹងផ្អែកភាគីទី៣ គឺតុលាការអន្តរជាតិទីក្រុងឡាអេដោះស្រាយទេ ជម្លោះបែបនេះ គឺនឹងបន្តរាប់សិបរាប់រយឆ្នាំទៀតដោះមិនចប់ទេ។ មូលហេតុអ្វីទៅបានជាដោះមិនចប់? មូលហេតុត្រង់ថា រដ្ឋាភិបាលប្រទេសនីមួយៗ មិនអាចដកថយចេញពីចំណុចដែលខ្លួនប្រកាន់ឥរិយាបថបានទេ។ ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជននៅក្នុងប្រទេសរបស់ខ្លួននឹងបន្ទោស។ ដើម្បីឱ្យប្រជាជនអស់ចិត្ត និងរដ្ឋាភិបាលក៏សុខស្រួលយើងយកបញ្ហានេះទៅឱ្យតុលាការកាត់ក្តីតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជាសន្យាគោរពទៅនឹងការសម្រេចចិត្តរបស់តុលាការអន្តរជាតិទីក្រុងឡាអេ។ បញ្ហានេះក៏ធ្លាប់បានធ្វើ ព្រះករុណាព្រះបិតាជាតិព្រះបរមរតនកោដ្ឋ ក៏ធ្លាប់បានធ្វើនៅឆ្នាំ១៩៦២ ទៅលើប្រាសាទព្រះវិហារ ហើយក៏យើងបានប្តឹងដើម្បីបកស្រាយនៅឆ្នាំ២០១១ផងដែរ។ កម្ពុជាទទួលយកការបកស្រាយនោះដោយស្ម័គ្រចិត្តដោយពេញចិត្ត។ ការបបួលទៅកាន់តុលាការគឺជាការទុកមុខទុលមាត់ឱ្យគ្នា។

ចំណែកគណបក្សនយោបាយ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្រនយោបាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី តាមផ្លូវច្បាប់អន្តរជាតិ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ។ ស្របពេលដែលស្ថានភាពឈានដល់ចំណុចក្តៅ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច មានសកម្មភាពជាបន្តបន្ទាប់របស់ក្រុមជ្រុលនិយមមួយចំនួនតូច បានបំផុសចលនាជាតិនិយមក្នុងប្រទេសទាំងពីរ ដែលអាចឈានទៅការប្រឈមមុខដាក់គ្នាសារជាថ្មីនៅពេលខាងមុខ៕
ដោយ៖ពលជ័យ
រូបភាព​៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner