អ៊ីរ៉ាក់ថ្កោលទោសអ៊ីស្រាអែលក្រោយវាយប្រហារលីបង់

បរទេស ៖ អ៊ីរ៉ាក់បានប្រកាសថ្កោលទោស «ការវាយប្រហារ របស់អ៊ីស្រាអែល ម្តងហើយម្តងទៀត» លើប្រទេសលីបង់ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ និយាយ កាលពីថ្ងៃអាទិត្យ។

ការថ្កោលទោសនេះ បានធ្វើឡើង ក្រោយពេលអ៊ីស្រាអែល បានបន្តវាយលុកប្រទេសលីបង់ ក្បែរខាង បើទោះបីជា មានបទឈប់បាញ់ កាលពីខែវិច្ឆិកា ដែលបានបញ្ចប់ជម្លោះ ជាងមួយឆ្នាំ ក៏ដោយ។

អំឡុងសន្និសីទសារព័ត៌មាន ជាមួយមេដឹកនាំប្រទេសលីបង់ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែល ដោយចោទថា ប្រឆាំងនឹងអធិបតេយ្យភាព របស់ប្រទេសលីបង់ និងជាការរំលោភលើច្បាប់អន្តរជាតិ។

លោក បានអំពាវនាវឱ្យ «អនុវត្តឱ្យបានពេញលេញ» នូវដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់សង្រ្គាមឆ្នាំ ២០០៦ រវាងអ៊ីស្រាអែល និងក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយបានបម្រើជាមូលដ្ឋានសម្រាប់បទឈប់បាញ់ចុងក្រោយបង្អស់ ដែលបានចូលជាធរមាន នៅថ្ងៃទី២៧ ខែវិច្ឆិកា។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានវាយប្រហារលើអគារមួយ នៅភាគខាងត្បូងនៃទីក្រុង Toul ប្រទេសលីបង់ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមសកម្មប្រយុទ្ធ Hezbollah៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner