FBIអាមេរិកសង្ស័យមានភេរវកម្មនៅColorado
បរទេស ៖ ប្រធាន ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់
FBI បាននិយាយថា «ការវាយប្រហារភេរវកម្ម» ត្រូវបានដាក់គោលដៅ ទៅលើរដ្ឋ Colorado។
ការអះអាងនេះ បានធ្វើឡើង ក្រោយពេលដែលមនុស្ស ជាច្រើននាក់ បានរងរបួស កាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋ Colorado ជាទីដែលមនុស្សមួយក្រុមកំពុងតវ៉ា សុំឱ្យដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែល ដែលឃុំខ្លួន នៅតំបន់ហ្គាហ្សា។
ប្រធាន FBI លោក Kash Patel បាននិយាយ នៅលើបណ្តាញសង្គម X បន្ថែម ដោយដកស្រង់សម្តីសាក្សី ដែលពណ៌នាអំពីបុរសម្នាក់បានបោះរបស់អ្វីមួយ ដែលស្រដៀងនឹងស្រាក្រឡុក Molotov ផលិតក្នុងស្រុក ទៅលើក្រុមដែលអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង ជាជនជាតិអ៊ីស្រាអែល ដែលឃុំខ្លួន នៅហ្គាហ្សា។
ប៉ុន្ត នៅពេលសួរថា តើវាជាការវាយប្រហារភេរវកម្ម ប្រឆាំងនឹងក្រុមបាតុករ ឬ ទេ មេប៉ូលីសនៅតំបន់Boulder លោក Steve Redfearn បានទទូចថាវា «លឿនពេក ក្នុងការប៉ាន់ស្មានហេតុផល» នៅពីក្រោយឧប្បត្តិហេតុ នេះ។
យ៉ាងណាមិញ ក្នុងវីដេអូមួយ ដែលមើលឃើញ អំឡុងការសង្ស័យពីការវាយប្រហារ បុរសមិនពាក់អាវម្នាក់ កាន់ដបបាញ់ទឹក ក្នុងដៃកំពុងដើរ ដោយ ស្រែកថា “End Zionists!” ឬ សូមបញ្ចប់ មនោគមវិជ្ជានយោបាយ Zionist និង ពាក្យថា , “Palestine is Free!” ឬ សូមដោះលែងប៉ាឡេស្ទីន ព្រមទាំង ពាក្យថា «ពួកគេគឺជាឃាតករ!»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត