អ៊ុយក្រែនវាយប្រហារទីតាំងយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែររុស្ស៊ី
កៀវ ៖ អ៊ុយក្រែនបានបញ្ជាដ្រូនវាយលុកទីតាំងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី នៅឯមូលដ្ឋានយោធាក្នុងតំបន់ស៊ីបេរី កាលពីថ្ងៃអាទិត្យ នេះបើយោងតាមអ្នកសរសេរប្លុកគាំទ្ររុស្ស៊ី។
វីដេអូ និងរូបភាពដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី បានរងការវាយប្រហារនៅមូលដ្ឋានទ័ពអាកាស Belaya ភាគខាងជើងនៃទីក្រុង Irkutsk។
ស្របពេលជាមួយគ្នានេះ មន្ត្រីចារកម្មអ៊ុយក្រែនបានប្រាប់កាសែតរ៉យទ័រថា ទីភ្នាក់ងារសន្តិសុខក្នុងស្រុកអ៊ុយក្រែន ហៅកាត់ SBU បានធ្វើការវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំមួយទៅលើយន្តហោះយោធារុស្ស៊ីជាង ៤០ គ្រឿង។
ផ្អែកតាមប្រភពពីអ៊ុយក្រែនបានឱ្យដឹងទៀតថា យន្តហោះដែលរងការវាយប្រហារនោះ រួមមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 និង Tu-22 ដែលរុស្ស៊ីប្រើដើម្បីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយនៅអ៊ុយក្រែន។
ដោយឡែក អភិបាលខេត្ត Irkutsk របស់រុស្ស៊ី លោក Igor Kobzev ក៏បានទទួលស្គាល់ផងដែរ ថាមានការវាយប្រហារដោយយន្តហោះដ្រូន។ មូលដ្ឋានទ័ពអាកាស Belaya មានទីតាំងនៅជិតភូមិ Sredny គឺជាកន្លែងផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tupolev Tu-22M supersonic នេះបើយោងតាមប្រភពបើកចំហអំពីកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា