ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រយ៉ាងពេញទំហឹងចំពោះ​ចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី និងគាំទ្រនូវប្រសាសន៍របស់សម្តេចតេជោ ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ​នាំយក​បញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះ​ចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហា​ព្រំដែន​រវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា នេះគឺជាចំណាត់ការប្រកប​ដោយ​ភាព​ចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបាន​គិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។ ជាមួយគ្នា​នេះដែរ ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សារ។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕
ដោយ៖ពលជ័យ

ads banner