ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារ CIMB សិង្ហបុរីចុះ​អនុស្សរណៈ​យោគយល់គ្នាដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុ​អន្តរជាតិ

ភ្នំពេញ ៖ ធនាគារវីង (ខេមបូឌា)ម.ក និង ធនាគារ CIMB នៃប្រទេស​សិង្ហបុរីកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥​បាន​ចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់មួយដើម្បីជំរុញកំណើនសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់​សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី​ឱ្យ​​កាន់តែ​ប្រសើរឡើង ។

ភាពជាដៃគូគ្នារវាងធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ CIMB សិង្ហបុរី គឺជាការបោះជំហានដ៏​សំខាន់មួយ​ក្នុង​ការ​ពង្រឹងទំនាក់​ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាពខ្លាំងក្នុង​តំបន់របស់ធនាគារ CIMB និងភាពឈាន​មុខនៅក្នុងមូលដ្ឋានរបស់​ធនាគារ វីង ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយ​តបតម្រូវ​ការអតិថិជនគ្រប់រូប ដោយរួមមានទាំង ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាស​ខ្នាតតូច និងមធ្យមនិងអតិថិជនដែលមានចំណូលខ្ពស់​ជាដើម។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើក​ឡើងថា “ការចាប់ដៃសហការជាមួយធនាគារ CIMB សិង្ហបុរី នាពេលនេះ នឹងនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភព​លោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែម​ទាំង​រួមចំណែក​ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស​សិង្ហបុរីឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនេះគឺជាជំហ៊ានដ៏សំខាន់​មួយសំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាព​ពាណិជ្ជកម្មអន្តរ​ជាតិឱ្យកាន់​តែប្រសើរឡើង។”

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយធនាគារជាច្រើនដូចជា ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទាន​ពាណិជ្ជកម្មជា​ដើម ដើម្បីគាំទ្រកំណើនតម្រូវការអាជីវកម្មអន្តរជាតិ ។ ការផ្តោតសំខាន់​គឺគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំណែក ៩៨ភាគរយ នៃអាជីវកម្ម​កំពុង​ដំណើរ​ការ , ៧០ភាគរយនៃការផ្តល់​ឱកាស​ការងារដល់ប្រជាជន និងប្រមាណ ៥៨ភាគរយ នៃផលិតផលក្នុងស្រុក​សរុបរបស់ប្រទេសកម្ពុជាទៀតផង ។

ចំណែកលោក Victor Lee Meng Teck ប្រធាននាយកប្រតិបត្តិ នៃ CIMB សិង្ហបុរី និងប្រធាននាយកប្រតិបត្តិ Growth Markets បានបញ្ជាក់បន្ថែមថាកិច្ចសហប្រតិបត្តិការនេះ បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ធនាគារ CIMB សិង្ហបុរី ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន ។ តាមរយៈកិច្ចសហការរួមគ្នានេះ យើងនឹងនាំមកនូវគុណតម្លៃថ្មី សម្រាប់អតិថិជន ក៏ដូចជាពង្រឹងមធ្យោបាយហិរញ្ញវត្ថុ រវាងប្រទេសសិង្ហបុរី និងប្រទេស​កម្ពុជា។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរបានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលមាន​ការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១ភាគរយ​បើធៀបនឹង​ឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង​ដ៏រឹងមាំរវាងប្រទេសទាំងពីរ ។ ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ វីង និងធនាគារ CIMB សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេស​ដំណើរការកាន់តែរលូន ហើយ​អាជីវកម្មរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner