ធនាគារ វីង (ខេមបូឌា) ម.ក និងធនាគារ CIMB សិង្ហបុរីចុះអនុស្សរណៈយោគយល់គ្នាដើម្បីលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ
ភ្នំពេញ ៖ ធនាគារវីង (ខេមបូឌា)ម.ក និង ធនាគារ CIMB នៃប្រទេសសិង្ហបុរីកាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយដើម្បីជំរុញកំណើនសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីឱ្យកាន់តែប្រសើរឡើង ។

ភាពជាដៃគូគ្នារវាងធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ CIMB សិង្ហបុរី គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាពខ្លាំងក្នុងតំបន់របស់ធនាគារ CIMB និងភាពឈានមុខនៅក្នុងមូលដ្ឋានរបស់ធនាគារ វីង ដើម្បីផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យមនិងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា “ការចាប់ដៃសហការជាមួយធនាគារ CIMB សិង្ហបុរី នាពេលនេះ នឹងនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនេះគឺជាជំហ៊ានដ៏សំខាន់មួយសំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាពពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែប្រសើរឡើង។”

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយធនាគារជាច្រើនដូចជា ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានពាណិជ្ជកម្មជាដើម ដើម្បីគាំទ្រកំណើនតម្រូវការអាជីវកម្មអន្តរជាតិ ។ ការផ្តោតសំខាន់គឺគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានចំណែក ៩៨ភាគរយ នៃអាជីវកម្មកំពុងដំណើរការ , ៧០ភាគរយនៃការផ្តល់ឱកាសការងារដល់ប្រជាជន និងប្រមាណ ៥៨ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាទៀតផង ។
ចំណែកលោក Victor Lee Meng Teck ប្រធាននាយកប្រតិបត្តិ នៃ CIMB សិង្ហបុរី និងប្រធាននាយកប្រតិបត្តិ Growth Markets បានបញ្ជាក់បន្ថែមថាកិច្ចសហប្រតិបត្តិការនេះ បានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់ធនាគារ CIMB សិង្ហបុរី ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន ។ តាមរយៈកិច្ចសហការរួមគ្នានេះ យើងនឹងនាំមកនូវគុណតម្លៃថ្មី សម្រាប់អតិថិជន ក៏ដូចជាពង្រឹងមធ្យោបាយហិរញ្ញវត្ថុ រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១០៣ លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅ ១០១ភាគរយបើធៀបនឹងឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ។ ក្នុងន័យនេះ ភាពជាដៃគូរវាងធនាគារ វីង និងធនាគារ CIMB សិង្ហបុរី នឹងជួយសម្រួលសេវាហិរញ្ញវត្ថុ ធ្វើឱ្យប្រតិបត្តិការអន្តរប្រទេសដំណើរការកាន់តែរលូន ហើយអាជីវកម្មរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត ៕
ដោយ៖គ្រី សម្បត្តិ
