ប្រជាជនកូរ៉េខាងត្បូងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីបញ្ចប់វិបត្តិនយោបាយក្នុងពេល ៦ខែ

សេអ៊ូល ៖ ដើម្បីបញ្ចប់វិបត្តិនយោបាយ ភាពមិនប្រាកដប្រជា និងការបែកបាក់គ្នាក្នុងរយៈពេលកន្លះឆ្នាំកន្លងមក ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានចាប់ផ្តើមធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីស្នងតំណែងលោក Yoon Suk Yeol ដែលបានទាញទម្លាក់ប្រទេសប្រជាធិបតេយ្យទៅក្នុងភាពវឹកវរ ដោយការប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤។

គិតត្រឹមម៉ោង ៣ រសៀល ប្រជាជនកូរ៉េខាងត្បូង ៣០.៥លាននាក់ ឬជិត ៦៩% បានបោះឆ្នោតនៅការិយាល័យបោះឆ្នោតចំនួន ១៤.២៩៥ទីតាំង នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជាមួយគ្នានេះ ចំនួនអ្នកទៅបោះឆ្នោតត្រូវបានរំពឹងថា នឹងមានកម្រិតខ្ពស់ ហើយការបោះឆ្នោតនឹងបើករហូតដល់ម៉ោង ៨យប់ (ម៉ោងក្នុងតំបន់)។

ការបោះឆ្នោតមុនថ្ងៃបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៩ និងថ្ងៃសុក្រទី៣០ ខែឧសភាសប្តាហ៍មុន នៅពេលដែលច្រើនជាងមួយភាគបីនៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោតចំនួន ៤៤,៣៩លាននាក់បានទៅបោះឆ្នោត។ការបោះឆ្នោតនេះមានសារសំខាន់ខ្លាំងនៅក្នុងគំនិតអ្នកបោះឆ្នោត ស្របពេលដែលសេដ្ឋកិច្ចកំពុងដាំក្បាលចុះ ការកើនឡើងថ្លៃនៃការរស់នៅ ភាពអត់ការងារធ្វើរបស់យុវជនកើនឡើង និងការប្រើប្រាស់បានធ្លាក់ចុះ។

មេដឹកនាំថ្មីរបស់កូរ៉េខាងត្បូងនឹងត្រូវប្រឈមមុខនូវសង្គមដែលមានភាពប្រេះឆាយ៉ាងខ្លាំង ដោយសារការប៉ុនប៉ងគ្រប់គ្រងដោយរបបយោធា និងសម្ពាធសេដ្ឋកិច្ចនៃការនាំចេញ ដែលកើតឡើងពីសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងសម្ព័ន្ធមិត្តសន្តិសុខដែលមិនអាចខ្វះបាន។

ទាំងមេដឹកនាំសេរីនិយម លោក Lee Jae-myung និងបេក្ខជនគូប្រជែងអភិរក្សនិយម លោក Kim Moon-soo សុទ្ធតែបានសន្យាផ្លាស់ប្ដូរប្រទេសកូរ៉េខាងត្បូង ដោយផ្តោតលើប្រព័ន្ធនយោបាយ និងគំរូសេដ្ឋកិច្ច។ ក្រៅពីនេះ សំណើរបស់ពួកគេសម្រាប់ការវិនិយោគលើការបង្កើតថ្មី និងបច្ចេកវិទ្យាភាគច្រើនគឺស្រដៀងគ្នាផងដែរ។

យ៉ាងណា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងប្រកាសលទ្ធផលនៅក្នុងថ្ងៃពុធទី៤ ខែមិថុនាស្អែកនេះ ដូច្នេះប្រជាជនកូរ៉េខាងត្បូង និងពិភពលោកកំពុងទន្ទឹងរង់ចាំមើល ថាតើនរណានឹងក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner