លោក Musk លក់បណ្ណបំណុលក្រុមហ៊ុន xAI ៥ពាន់លានដុល្លារ ក្រោយឈប់ធ្វើការជាមួយលោក Trump
បរទេស ៖ លោក មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានដាក់លក់បណ្ណបំណុល ៥ពាន់លានដុល្លារ នៅក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់លោក ក្រោយពេលដែលបានចែកផ្លូវ ពីលោក Trump លែងធ្វើជាប្រធាននាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាលអាមេរិក តទៅទៀត។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣ ខែមិថុនា បានឲ្យដឹងថា ក្រុមហ៊ុនធនាគារអាមេរិក Morgan Stanley ជាអ្នកគ្រប់គ្រង ការលក់បណ្ណបំណុលនេះ ដើម្បីស្វែងរកតម្លៃទីផ្សារ រហូតដល់ទៅ ១១៣ពាន់លានដុល្លារ ជាមួយនឹងការលក់ភាគហ៊ុន តម្លៃ៣០០លានដុល្លារ។
ការចេញលក់បណ្ណបំណុល ដែលបានចាប់ផ្តើម កាលពីថ្ងៃចន្ទ គ្របដណ្តប់លើបំណុល បីប្រភេទ ហើយការទទួលពាក្យស្នើសុំចូលរួមវិនិយោគ មានកាលកំណត់ ដល់ថ្ងៃទី១៧ ខែមិថុនា នេះបើតាមប្រភព ដែលបានដឹងពីរឿងនេះ ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bloomberg News។ យ៉ាងណាមិញ ក្រុមហ៊ុន XAI ដែលដំណើរការមិនទាន់បាន២ឆ្នាំផងនោះ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើ សម្រាប់ការអត្ថាធិប្បាយ លើរបាយការណ៍ នេះទេ។
ដំណឹងនៃការលក់បណ្ណបំណុល ត្រូវបានបង្ហាញឲ្យដឹង ក្រោយពេលដែលលោក Musk បានលាឈប់ពីរដ្ឋបាលលោក Trump ដោយបញ្ចប់ភាពច្របូកច្របល់ រយៈពេល ៤ខែ ក្នុងពេលដឹកនាំ យុទ្ធនាការកាត់បន្ថយការចំណាយដ៏ច្រើន របស់រដ្ឋាភិបាលសហព័ន្ធ ក្នុងនាមជាមេនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលអាមេរិក។
ក្នុងពេលលាគ្នា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោក Musk នឹងនៅតែជាទីប្រឹក្សា ដ៏ជិតស្និទ្ធ។ ប៉ុន្តែ លោក បាននិយាយថា លោកនឹងយកពេលវេលា លើសលុប ផ្តោតការយកចិត្តទុកដាក់ឡើងវិញ លើអាជីវកម្មផ្ទាល់ខ្លួន ជាពិសេស ចំពេលដែលក្រុមហ៊ុនឡានអគ្គិសនី Tesla បានជួបបញ្ហា លើទីផ្សាសកល ដោយសារតែរងការជះឥទ្ធិពល ពីមុខតំណែងរបស់លោក នៅក្នុងជួររដ្ឋបាលលោក Trump នាពេលកន្លងមក៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត