ក្រុមហ៊ុនវៀតណាមនឹងចុះ MOU ទិញកសិផលអាមេរិក ២ពាន់លានដុល្លារ

បរទេស ៖ ក្រុមហ៊ុនវៀតណាម នឹងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ឬ MoU ជាច្រើន ដើម្បីទិញកសិផល របស់សហរដ្ឋអាមេរិក តម្លៃ២ពាន់លានដុល្លារ នេះបើតាមក្រសួងកសិកម្មវៀតណាម អះអាង នៅថ្ងៃអង្គារ ទី៣ ខែមិថុនានេះ ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA។

ក្រសួងបានបញ្ជាក់ថា ការឯកភាព លើ MOU ទាំងនេះ ត្រូវបានធ្វើឡើង ក្នុងពេលដែល
រដ្ឋមន្ត្រីក្រសួងកសិកម្ម វៀតណាម លោក Do Duc Duy បានដឹកនាំគណៈប្រតិភូធុរកិច្ចក្នុងស្រុក ចំនួន៥០ក្រុមហ៊ុន ទៅកាន់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។

ប្រភពបានបន្តថា គ្រាន់តែ MOU ចំនួន៥ មានការឯកភាពទិញផលិតផល ពីរដ្ឋ Iowa តម្លៃ៨០០លានដុល្លារអាមេរិក ក្នុងរយៈពេលបីឆ្នាំ ក្នុងនោះ មានដូចជា ពោត ស្រូវសាលី គ្រាប់ធញ្ញជាតិស្ងួត និងគ្រាប់សណ្តែក។ កាលពីឆ្នាំមុន វៀតណាម បានទិញកសិផលអាមេរិក ៣,៤ពាន់លានដុល្លារ ហើយវៀតណាមបាននាំចេញកសិផល ទៅអាមេរិក វិញ ១៣,៦៨ពាន់លានដុល្លារ នេះបើតាមរបាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម។

ក្រសួងកសិកម្មវៀតណាមថា នេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតឲ្យមានកិច្ចព្រមព្រៀង លើសង្គ្រាមពន្ធគយ រវាងប្រទេសទាំងពីរ ពោលគឺក្រោយពេល ដែលរដ្ឋបាលរបស់លោក Trump បានសម្រេចតំឡើងពន្ធ ៤៦ភាគរយ លើទំនិញវៀតណាម ដែលគ្រោងនឹងចូលជាធរមាន នៅខែកក្កដា បើការចរចា គ្មានប្រសិទ្ធិភាព។

វៀតណាមបានសន្យាថានឹង នាំចូលពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបង្រួមគម្លាតពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ស្របពេលដែលអាមេរិកថាឱនភាពពាណិជ្ជកម្ម ជាមួយវៀតណាម មានចំនួន១២៣ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជាការកត់សម្គាល់ វៀតណាមក៏បានសន្យាទិញផលិតផលអាមេរិក ផ្សេងទៀត រួមទាំង យន្តហោះ Boeing និងឧស្ម័នធម្មជាតិរាវ ផងដែរ។ វៀតណាម ក៏បានសន្យាថា នឹងបង្ក្រាបការក្លែងបន្លំ និងការលួចចម្លងតាមឌីជីថល បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសនេះថា ជាមជ្ឈមណ្ឌលដ៏គ្រោះថ្នាក់ សម្រាប់សកម្មភាពខុសច្បាប់ ទាំងអស់នេះ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner