អាមេរិក​ប្រហែលចៀសមិនរួច ដាក់ទណ្ឌកម្ម​រុស្ស៊ី

បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump អាចនឹងប្រើជម្រើស ដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី ប្រសិនបើជាចាំបាច់ នេះបើតាមសេតវិមាន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានឆន្ទៈក្នុងការប្រើប្រាស់ទណ្ឌកម្ម ប្រសិនបើ ជាតម្រូវការចាំបាច់ ប្រឆាំងនឹងទីក្រុងមូស្គូ។

ការពិចារណា ដាក់ទណ្ឌកម្មនេះ ត្រូវបានបង្ហើបឲ្យដឹង ក្រោយពេលទីក្រុងម៉ូស្គូ បានច្រានចោលការអំពាវនាវរបស់ទីក្រុង Kyiv សម្រាប់បទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ នៅឯការចរចា ស្ថិតក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ប៉ុន្តែ ភាគីទាំងពីរ បានព្រមព្រៀងគ្នា លើការផ្លាស់ប្តូរទាហានទ្រង់ទ្រាយធំ និងផ្លាស់ប្តូរផែនទីបង្ហាញផ្លូវ ទៅកាន់សន្តិភាព ឬ ហៅថា «អនុស្សរណៈ» អំឡុងការពិភាក្សា ដែលមានរយៈពេលតិចជាងពីរម៉ោង។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមាន ម្តងហើយម្តងទៀត ថា លោកអាចនឹងដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ី។ ទោះបីជាយ៉ាងណា មកទល់ពេលនេះ លោកបានបដិសេធ មិនចាត់វិធានការ នោះទេ។ កាលពីថ្ងៃទី២៧ ខែឧសភា លោក Trump បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងលេងជាមួយភ្លើង ពោលគឺ បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្លាប់លើកឡើងថា មិនទាន់ដាក់ទណ្ឌកម្មទេ ព្រោះការធ្វើដូច្នេះ អាចនឹងជំរុញឲ្យរុស្ស៊ីដកខ្លួន ចេញពីការចរចាសន្តិភាព៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner