ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា
(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់សមាជព្រឹទ្ធសភា-រដ្ឋសភា ដែលបានថ្កោលទោសសកម្មភាពវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ថាជាការំលោភបំពានមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះគោលជំហរនិងចំណាត់ការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់គ្រប់យន្តការទាំងទ្វេភាគី ការទូត យន្តការតំបន់ និងវិធានការការពារខ្លួនក្នុងពេលចាំបាច់ ជាពិសេសការអនុវត្តនីតិវិធីច្បាប់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បី បញ្ចប់ជម្លោះព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី សំដៅការពារឱ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រ “ពន្លត់ ភ្លើងជាជាងអង្គុយបក់ផ្សែង” ដើម្បីរក្សានិងកសាងព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍយូរអង្វែង។
ជាថ្មីម្តងទៀត យើងខ្ញុំសូមគោរពកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសាធារណជនទាំងអស់ បន្តចូលរួមផ្តល់ការឧបត្ថម្ភដោយស្ម័គ្រចិត្ត ដើម្បីលើកទឹកចិត្តនិងគាំទ្រដល់កងកម្លាំងកម្ពុជា ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ដែលបង្ហាញនូវស្មារតី សាមគ្គីភាពជាតិ រួបរួមជាធ្លុងមួយនៃមហាគ្រួសារខ្មែរ សំដៅរួមគ្នាទប់ស្កាត់រាល់ការឈ្លានពានពីបរទេស និងដោះស្រាយ បញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ ដែលជាចំណាត់ការប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ង៉ាន់ ទិត្យ









