កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា ១លានដុល្លា លេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានឧបត្ថម្ភថវិកា ១លានដុល្លាអាម៉េរិក ជាលេីកទី១៤ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រែយ៍ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងជំនួបសវនាការនៃពិធីប្រគល់ និងទទួលថវិកានេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បាននាំនូវប្រសាន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានដែលផ្តាំផ្ញេីសួរសុខទុក្ខ និងកោតសសេីរចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលខិតខំគៀងគរមូលនិធិ តាមរយះការបេីកយុទ្ធនាការ នាពេលថ្មីៗនេះ និងខិតខំយកចិត្តទុកដាក់ពិនិត្យព្យាបាលជំងឺ ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការសង្គ្រោះអាយុជីវិតទារក កុមារ និងស្ត្រី ។ បន្ថែមពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ជាក់ថា ទោះក្នុងកាលទេសណាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្តចូលរួមចំណែកឧបត្ថម្ភដល់មូលនិធិគន្ធាបុប្ផាកម្ពុជា ព្រោះថវិកាដ៏ច្រើននេះ ពិតជាបានរួមចំណែកដល់ការពិនិត្យ ព្យាបាលកុមារនិងទារកដែលមានជំងឺ និងស្រ្តីមានផ្ទៃពោះ រាប់ម៉ឺននាក់ ដោយឥតគិតថ្លៃនិងប្រកបដោយគុណភាព និងពុំមានការរើសអើង ។
ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា៖ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេ ជាស្ថាបនិក និងជាប្រធានកិត្តិយស របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
លោកជំទាវឲ្យដឹងថា៖ ក្នុងនីតិកាល ទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត បានផ្តល់ កិត្តិយសដ៏ខ្ពង់ខ្ពស់ ឈរជាប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ផងដែរ។ ដូច្នេះការប្រគល់ថវិកាវិភាគទានដ៏ច្រេីនសន្ធឹកសន្ធាប់នៅថ្ងៃនេះ មានសារ:សំខាន់ណាស់សម្រាប់ការបន្តចូលរួម ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងសុខភាពទារក និងកុមារ នៅកម្ពុជា ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ ជាពិសេសដើម្បីចូលរួមរក្សានិរន្តរ ភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។
បេីយោងតាមរបាយការណ៍លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា៖ ពេទ្យគន្ធបុប្ផាបានចំណាយ ថវិកាចំនួនប្រមាណ ៤៣ លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង គ្រាន់តែ ក្នុងរយៈ ពេល ៥ ខែ ឆ្នាំ ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាប្រមាណជាង ១៨ លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺ ដល់ទារក កុមារ និងសេវាសម្ពពដោយបានពិនិត្យព្យាបាលទារក និងកុមារជាង ៤០ ម៉ឺនករណី។ ដូចនេះថវិកា ១លានដុល្លាអាម៉េរិករបស់កាកបាទក្រហមកម្ពុជាអាចជួយបានប្រមាណ ៤ម៉ឺននាក់ ។
សូមជម្រាបថា៖ បន្ទាប់ពីបញ្ចប់សវនាកាលោកជំទាវបណ្ឌិត បានប្រគល់ថវិកា ១លានដុល្លាអាម៉េរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជាភ្លាមនោះ លោកជំទាវ ប៉ែន សុបភា អនុប្រធានប្រតិបត្តិ នៃក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានប្រគល់បន្តជូនទៅមន្ទីរពេទ្យបុប្ផា ដែលទទួលលោកសាស្ត្រាចារ្យ គី សន់ទី ៕
ដោយ ៖ វណ្ណលុក








