ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីប្រកាសស្តាទំនាក់ទំនងជាមួយខាងជើង
បរទេស៖ ប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង បានអះអាង ក្រោយពេលជាប់ឆ្នោតភ្លាមៗថា នឹងបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង ដើម្បីស្តាទំនាក់ទំនង ប្រទេសបងប្អូនទាំងពីរ។
លោក Lee Jae-myung ប្រធានាធិបតី ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានប្តេជ្ញាថា «បន្តកិច្ចសន្ទនា ជាមួយទីក្រុងព្យុងយ៉ាង និងធ្វើឱ្យប្រសើរឡើងវិញ នូវទំនាក់ទំនងជាមួយប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរ មួយនេះ»។
លោក Lee Jae-myung បាននិយាយ នៅក្នុងសុន្ទរកថា នៅពេលចូលកាន់តំណែង ដោយសន្យាថា នឹង «រារាំងការញុះញង់នុយក្លេអ៊ែរ និងយោធារបស់កូរ៉េខាងជើង ខណៈពេលដែល មានការបើកបណ្តាញទំនាក់ទំនង មិនថាតម្លៃណាទេ សន្តិភាពគឺប្រសើរជាងសង្រ្គាម» ។
កាលពីសប្តាហ៍មុន លោក Lee Jae-myung ក៏ធ្លាប់បានលើកឡើងពីការបន្តស្តាទំនាក់ទំនង រវាងទីក្រុងសេអ៊ូល និងកូរ៉េខាងជើង រួមទាំង បណ្តាញទូរស័ព្ទបន្ទាន់យោធា ប្រសិនបើលោកជាប់ឆ្នោត។ កន្លងមក កូរ៉េទាំងពីរធ្លាប់ទាក់ទងគ្នា ដោយប្រើបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ប៉ុន្តែ ក្រុងព្យុងយ៉ាងបានបញ្ឈប់ការឆ្លើយតប ចាប់តាំងពីឆ្នាំ២០២៣ ចំពេលមានការធ្លាក់ចុះយ៉ាងខ្លាំង នៃទំនាក់ទំនងរវាងប្រទេសជិតខាង ទាំងពីរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
