វៀតណាមដកបម្រាមយកកូនតែពីរនាក់ ក្រោយប្រឈមអត្រាកំណើតធ្លាក់ទាបជា “ប្រវត្តិសាស្ត្រ”
ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាមបានចេញផ្សាយក្នុងថ្ងៃពុធនេះថា ប្រទេសអាស៊ីមួយនេះបានលុបចោលគោលនយោបាយដ៏យូរអង្វែងរបស់ខ្លួន នោះគឺការដាក់កំហិតគ្រួសារមួយអាចយកកូនបានតែពីរនាក់ប៉ុណ្ណោះ។
ការដកបម្រាមនេះ កើតឡើងស្របពេលដែលប្រទេសគ្រប់គ្រងដោយលទ្ធិកុម្មុយនិស្តមួយនេះ កំពុងប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះ។ ហើយការសម្រេចចិត្តយកកូនប៉ុន្មាននាក់ពេលនេះ គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្តីប្រពន្ធនីមួយៗផ្ទាល់ ហើយមិនមានការដាក់រឹតត្បិតដូចមុនទេ។
យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាមបានជួបប្រទះអត្រាកំណើតធ្លាក់ចុះទាបជា “ប្រវត្តិសាស្ត្រ” ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ ជាមួយនឹងអត្រាមានកូនសរុបបានធ្លាក់ចុះក្រោម ២នាក់ក្នុងស្រ្តីម្នាក់កាលពីឆ្នាំ២០២៤ ធៀបនឹងតួលេខពីមុន។
ប្រទេសវៀតណាមបានមើលឃើញការថយចុះអត្រាកំណើតជាបន្តបន្ទាប់ ក្នុងនោះស្រ្តីម្នាក់មានកូន ២.១១នាក់ ពោលគឺច្រើនជាង ២នាក់ក្នុងឆ្នាំ២០២១ ហើយបន្តធ្លាក់ចុះមកត្រឹម ២.០១នាក់ក្នុងឆ្នាំ២០២២ និង ១.៩៦នាក់ ឬមិនដល់ ២នាក់ក្នុងឆ្នាំ២០២៣។
នាង Tran Minh Huong បុគ្គលិកការិយាល័យ អាយុ ២២ឆ្នាំ បានប្រាប់កាសែត AFP ថា បទប្បញ្ញត្តិរបស់រដ្ឋាភិបាលនាពេលនេះ មានសារៈសំខាន់តិចតួចប៉ុណ្ណោះសម្រាប់នាង ដោយសារតែនាងមិនមានគម្រោងបង្កើតកូនច្រើននាក់ទេ ពីព្រោះការចិញ្ចឹមបីបាច់កូនត្រូវចំណាយខ្ពស់ពេក៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា