ទូតឥណ្ឌូនេស៊ី ៖ បើកម្ពុជា-ថៃ ចង់ឱ្យឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាប្រធានអាស៊ានជួយសម្របសម្រួលជម្លោះក៏ជារឿងល្អមួយ
(ភ្នំពេញ)៖ ក្នុងជម្លោះវិវាទព្រំដែន ដែលភាគីថៃចេះតែបង្កវិវាទបន្តបន្ទាប់នេះត្រូវបាន ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាថ្លែងថា បើប្រទេសកម្ពុជា និងប្រទេសថៃចង់ឱ្យឥណ្ឌូនេស៊ី ឬក៏ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ជួយធ្វើជាអ្នកសម្របសម្រួល ក៏ជាជម្រើសមួយអាចទៅរួចផងដែរ បើកាលណាភាគីទាំង២បានឯកភាព ហើយស្នើសុំនោះ។
ថ្លែងក្នុងកិច្ចសន្និសីទសារព័ត៌មាន និង ការធ្វើបទបង្ហាញស្តីពីគោលនយោបាយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានថ្លែងថា ៖ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ដែលកំពុងមានបញ្ហាជាមួយភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ គឺជាជម្រើសដំណោះស្រាយមួយ ព្រោះថា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កន្លងមកក៏ធ្លាប់នាំយកសំណុំរឿងជម្លោះវិវាទរបស់ខ្លួនទៅធ្វើការដោះស្រាយគ្នានៅតុលាការអន្តរជាតិក្រុងឡាអេ ប្រទេស ហូឡង់នេះរួចមកហើយដែរ។
ឯកអគ្គរដ្ឋទូតបានថ្លែងដោយបញ្ជាក់ថា សំខាន់ទៅលើភាគីទាំង២ថា ចង់ឱ្យមានអ្នកកណ្តាលសម្រាប់សម្របសម្រួលក្នុងបញ្ហាជម្លោះនេះឬក៏អត់ ។ ដោយសារយើងជាមិត្តដូចគ្នាហេតុនេះចាំបាច់ណាស់ត្រូវការឱ្យមានការសម្របសម្រួលទាំងសងខាង ។
ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ បន្ត ថាការដែលកម្ពុជាចង់យករឿងជម្លោះវិវាទព្រំដែនទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិគឺជាចំណោមយន្តការមួយអាចរកដំណោះស្រាយជម្លោះវិវាទនេះទៅបានផងដែរ។ ទោះបីយ៉ាងណាយើងក៏ត្រូវឯកភាពរវាងប្រទេសទាំង ២ជាមុនសិន ។
លោក ពុយ គា ប្រធាន នៃ ក្លឹបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា កន្លងមកប្រទេសឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ជាមួយជម្លោះកម្ពុជា និង ថៃ ។ ក្នុងនេះឥណ្ឌូនេស៊ីបានធ្វើការសម្របសម្រួល ដោយក្នុងនេះមានទាំងបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់តំបន់ជម្លោះនៃប្រាសាទព្រះវិហារនៅអំឡុងឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១ តែម្តង។ ក្រៅពីនេះសម័យអ៊ុនតាក់ប្រទេសឥណ្ឌូនេស៊ីក៏មានតួនាទីសំខាន់ក្នុងជំនួបចរចារវាងរដ្ឋាភិបាលកម្ពុជា ជាមួយចតុភាគីផងដែរ។ ក្រៅពីនេះក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រទេសបារាំង ប្រទេសឥណ្ឌូនេស៊ី នៅបានជួយបញ្ជូនកងទ័ពចំនួន ៤ពាន់នាក់សម្រាប់រក្សាសន្តិភាពនៅកម្ពុជានាសម័យអ៊ុនតាក់។យើងឃើញថា ក្នុងបណ្តាប្រទេសអាស៊ាន គឺប្រទេសឥណ្ឌូនេស៊ីបានជួយកម្ពុជាច្រើនជាងគេ។
គួរបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌូនេស៊ី បានផ្តល់ជំនួយយោធាដល់កម្ពុជា ក្នុងនោះរួមមានកាំភ្លើងវែង អាវុធខ្លី និងគ្រាប់កាំភ្លើង គិតជាទឹកប្រាក់ ៥០០,០០០ដុល្លារ កាលពីអំឡុងចុងខែសីហា ឆ្នាំ២០២៤កន្លងមក ។
បើតាម ឯកអគ្គរដ្ឋទូត បានលើកឡើងថា សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ប្រទេសទាំងពីរនេះធ្វើឡើងក្រោយបានចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងកងទ័ព និងកងទ័ព នៅឆ្នាំ២០០៧ និង អនុស្សារណៈ នៃការយោគយល់គ្នាស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅឆ្នាំ២០២៣ និងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ឆ្នាំ២០២៤ ព្រមទាំងការកសាងសមត្ថភាព និងជំនួយបណ្តុះបណ្តាលសម្រាប់កងយោធពលខេមរភូមិន្ទ៕



ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក វេង លឹមហួត