អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម​​ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា

(ភ្នំពេញ)៖ ខណៈអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យ របស់កម្ពុជា ។

ឯកឧត្តមអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានអបអរសាទរចំពោះការសម្រេចបាន​នូវ​សមិទ្ធផលយ៉ាងច្រេីនរបស់កម្ពុជា​ និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ។

ឯកឧត្តម បានបង្ហាញនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី, កម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន​បន្ថែមទៀត, ជាពិសេស​ កម្ពុជា នឹងសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ និងកាន់តែមាន​កិត្យានុភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ ។

ឯកឧត្តមអនុរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែង​ រវាងវៀតណាម និងកម្ពុជា និងបានគូសរំលេចថា ជំនួបជាញឹកញាប់រវាងថ្នាក់ដឹកនាំកំពូល​ នៃប្រទេសទាំងពីរ បាន​ និងកំពុងជំរុញទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកាន់តែដ៏ល្អលើគ្រប់វិស័យ ។

ឯកឧត្តមអនុរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបរវាងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម​ ជាមួយនឹងគណៈប្រតិភូអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងនោះ កងទ័ពទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺជាសរសរស្ដម្ភមួយដ៏សំខាន់ ក្នុងការរួមចំណែកពូនជ្រំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូ​ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងសេចក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​នៃប្រទេសទាំងពីរ​ លើវិស័យសំខាន់ៗផ្សេងទៀត ដូចជា៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន​ ជាដេីម។ សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់កងទ័ពវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា​ នៅក្នុងវិស័យការពារជាតិ ដែលជាការរួមចំណែកជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន​នៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។

សម្តេចបវរធិបតី បានអបអរសាទរចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ព​ នៃប្រទេស​ទាំងពីរ​ និងបានគូសបញ្ជាក់ពីការបន្តពូនជ្រំ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត​ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន​ នៃប្រទេសទាំងពីរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner