ពេជ្រ សម្បត្តិ នាំខ្សែក្រវាត់១ ក្នុងចំណោមខ្សែក្រវាត់ ៣ របស់កម្ពុជាពីសហរដ្ឋអាមេរិក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ក្រុមប្រតិភូកីឡាប្រដាល់គុនខ្មែរបានវិលត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីដណ្តើមបានខ្សែក្រវាត់ពីការប្រកួតនៅការប្រកួតក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរអន្តរជាតិ (KRUD KUN KHMER TO USA) លើកទី២ នៅទីក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយកីឡាករ កីឡាការិនីកម្ពុជា ៥នាក់ មានកីឡាករ ៣នាក់ឈ្នះខ្សែក្រវាត់។

ដំណើរមកដល់របស់គ្រូបង្វឹក កីឡាករ កីឡាការិនី១ក្រុម នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ទុយ ប៊ុនហឿន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ក្រុមកីឡាប្រដាល់គុនខ្មែរ ដែលមកដល់មុនគេ ដឹកនាំដោយលោកគ្រូ ពេជ្រ សុផាន់ កីឡាករ ពេជ្រ សម្បត្តិ ម្ចាស់ខ្សែក្រវាត់ និងកីឡាការិនី អេ យ៉ានុត ដែលបានប្រកួតចាញ់ការប្រកួតដោយពិន្ទុ។ ចំពោះកីឡាករ ពេជ្រ សម្បត្តិ ដណ្តើមបានខ្សែក្រវាត់ USEACA បន្ទាប់ពីបានប្រកួតឈ្នះដោយពិន្ទុជាមួយកីឡាករម្ចាស់ផ្ទះ អាមេរិក Malcolm Hill ក្នុងប្រភេទទម្ងន់ ៦០គ.ក្រ។ ចំពោះកីឡាករ ឡៅ ចន្ទ្រា ឈ្នះខ្សែក្រវាត់គុនខ្មែរ ដែលដាក់ឱ្យគេដណ្តើមជាមួយម្ចាស់ផ្ទះ អាមេរិក ដែរ គឺកីឡាករ Juan Jackson ក្នុងប្រភេទម្ងន់ ៧៥គ.ក្រ។ រីឯ កីឡាករ លន បញ្ញា ឈ្នះខ្សែក្រវាត់ USEACA ពីកីឡាករម្ចាស់ផ្ទះអាមេរិក Jose Aquino ក្នុងប្រភេទទម្ងន់ ៦៧គ.ក្រ ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតគ្រុឌគុនខ្មែរអន្តរជាតិ នៅទឹកដីសហរដ្ឋអាមេរិកនេះ អ្នកប្រដាល់គុនខ្មែរមានចំនួន ៥នាក់ ក្នុងនោះកីឡាករ៣នាក់ដណ្តើមបានខ្សែក្រវាត់ រីឯកីឡាការិនី អេ យ៉ានុត និងកីឡាករ ឡភ ចិត្រា បានចាញ់ការប្រកួតដោយពិន្ទុ។ ចំពោះការវិលត្រឡប់មកវិញរបស់ប្រតិភូទាំងអស់ នឹងត្រូវបញ្ចប់នៅថ្ងៃទី០៦ ខែមិថុនា ខាងមុខ ដែលឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដឹកនាំកីឡាករ កីឡាការិនីកម្ពុជាទៅប្រកួត-ផ្សព្វផ្សាយ នៅទឹកដីសហរដ្ឋអាមេរិក លើកទី២នេះ ដោយទទួលបានផលចំណេញច្រើន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញកីឡាអត្តសញ្ញាណជាតិខ្មែរមួយនេះ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner