កម្ពុជា បញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅ​តុលាការ ​ICJ​ ហើយ និង​មិន​ដាក់​ក្នុង​របៀបវារៈ​កិច្ចប្រជុំ JBC កម្ពុជា-ថៃ នោះទេ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ជូនបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការ ICJ ហើយ និងមិនដាក់របៀបវារៈពាក់ព័ន្ធនឹងវិវាទនេះ ទៅក្នុងសម័យប្រជុំ JBC កម្ពុជា-ថៃ នោះទេ ។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលចាក់ឫសក្នុងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិនានា ជាពិសេស ជាមួយប្រទេសជិតខាង មានព្រំដែនរួម ដែលត្រូវបានបែងចែកឡើង តាំងពីអំឡុងសម័យអាណានិគមបារាំង ។

ចាប់តាំងពីទទួលបានឯករាជ្យមក លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មួយប៉ុណ្ណោះ កម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រែក្លាយព្រំដែនរួមទាំងនេះ ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដំណើរជាតិរបស់យើងតែងជួបការប្រឈមជាច្រើន ប៉ុន្តែកម្ពុជា តែងផ្តល់អាទិភាពដល់ការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី ទោះបីជាខណៈខ្លះ ប្រឈមនឹងភាពតានតឹង និងការបាត់បង់គួរឱ្យសោកស្តាយនូវអាយុជីវិតទាហានដ៏អង់អាច ក្លាហានរបស់យើង ដែលឈរជើងការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ។

ការប្តេជ្ញាចិត្តឥតងាករេររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដោះស្រាយដោយសន្តិវិធីត្រូវបាន ស្តែងឡើង តាមរយៈអាកប្បកិរិយាជាប្រវត្តិសាស្ត្ររបស់ខ្លួន រួមទាំងការបញ្ជូនវិវាទព្រំដែន ទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលបានកាត់ក្តីឱ្យកម្ពុជាឈ្នះម្តង នៅឆ្នាំ ១៩៦២ និងឈ្នះម្តងទៀតនៅឆ្នាំ ២០១៣ នៅក្នុងជម្លោះព្រំដែន ជាមួយប្រទេសថៃ។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី ។

ក្នុងសេចក្ដីថ្លែងការណ៍ បានលើកឡើងថា ជាការគួរឱ្យសោកស្តាយ ដែលនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយ បានកើតឡើង នៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ ប្រហារមកលើទីតាំងកងទ័ព កម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជា តំបន់ ត្រូវបានទទួលស្គាល់ថា ជាប៉ុស្តិ៍យោធាកម្ពុជា ជាយូរមកហើយ។ ការផ្ទុះអាវុធនេះ បានបណ្តាលឱ្យទាហាន ខ្មែរម្នាក់ បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការប្រើប្រាស់កម្លាំង ដោយគ្មានមូលហេតុនេះ ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ បូរណភាពទឹកដី និងគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ដែលមានចែងនៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ រវាងប្រទេសទាំងពីរ ។ ឧប្បត្តិហេតុនេះ គឺស្ថិតក្នុងចំណោមការវិវត្តមួយចំនួនដ៏គួរឱ្យបារម្ភ ដែលបង្ហាញពីដែនកំណត់នៃ យន្តការដោះស្រាយវិវាទបច្ចុប្បន្ន ជាពិសេសនៅក្នុងការដោះស្រាយចំណុចជម្លោះដ៏យូរលង់ នៅតាមព្រំដែនរួម របស់យើង ។

ក្នុងសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា ដោយមើលឃើញពីបញ្ហានេះ និងដើម្បីផលប្រយោជន៍ នៃការធានាបាននូវដំណោះស្រាយ មួយដោយយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនវិវាទនៅតំបន់ដែលមានភាពរសើប ចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច និងប្រាសាទតាក្របី ទៅតុលាការICJ នៅទីក្រុងឡាអេ។ តំបន់ទាំងបួននេះនៅតែមិនទាន់ដាច់ស្រេច និងមានភាពរសើបជាយូរយារណាស់មកហើយ ដែលអាចបង្កនូវភាពតានតឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិន មានការដោះស្រាយនោះទេ ។ ការសម្រេចនេះ ទទួលបានការគាំទ្រជាឯកច្ឆន្ទ ពីសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ផងដែរ ។

ស្របពេល នៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញា ចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌ ទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ទោះជាយ៉ាងនេះក្តី ដោយសារមានការបញ្ជូនវិវាទខាងលើទៅតុលាការICJ នោះ ករណីតំបន់ទាំងបួនខាងលើនឹងមិនត្រូវបាន ដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះ។

កម្ពុជា សង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ ។

រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការ នៃការស្វែងរកដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងសូមកុំធ្វើឱ្យបញ្ហានេះ ក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជា សូមគូសបញ្ជាក់ចំពោះសារៈសំខាន់ នៃការរក្សាទំនាក់ទំនងជាប្រក្រតីជាមួយប្រទេសថៃ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ ៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner