សម្ព័ន្ធមិត្តលោក Putin ថា ចិន និងបេឡារុសរងសម្ពាធរបស់លោកខាងលិច
ប៉េកាំង ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដែកថែបរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin និយាយថា ប្រទេសបេឡារុស និងចិនកំពុងប្រឈមមុខនឹងយុទ្ធនាការដាក់សម្ពាធពីលោកខាងលិច។
ក្នុងកំលុងជំនួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធ មេដឹកនាំបេឡារុសរូបនេះ បានបញ្ជាក់ថា ប្រជាជាតិទាំងពីរកំពុងប្រឆាំងនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមកពីលោកខាងលិច។
លោក Lukashenko សង្ឃឹមថា ចិននឹងមិនអនុញ្ញាតឱ្យប្រទេសមហាអំណាចបង្ខូចសណ្តាប់ធ្នាប់ពិភពលោកបានទេ… មនុស្សជាច្រើន… ប្រជាជាតិជាច្រើនជឿជាក់លើរឿងនេះ។
យោងតាមទូរទស្សន៍រដ្ឋ CCTV លោក Xi បានប្រាប់លោក Lukashenko វិញថា ទីក្រុងប៉េកាំងតែងតែសម្លឹងឃើញ និងអភិវឌ្ឍទំនាក់ទំនងចិន-បេឡារុសដោយឈរលើទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង។
លោក Xi បន្ថែមថា ប្រទេសចិនក៏មានឆន្ទៈធ្វើការជាមួយបេឡារុស សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យមានស្ថិរភាព និងទូលំទូលាយ រួមទាំងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។
លោកប្រធានាធិបតី Lukashenko បច្ចុប្បន្នកំពុងបំពេញទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃនៅ ប្រទេស ចិន បន្បន្ទាប់ពីបានធ្វើ ទស្សនកិច្ច លើក ចុងក្រោយ ក្នុង ខែ ធ្នូ ឆ្នាំ២០២៣៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា