លោកស្រីអភិបាលរងខេត្តកំពង់ធំជំរុញឱ្យស្រ្តីកាន់តែរឹងមាំ
កំពង់ធំ៖លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវឱ្យស្ត្រីក្លាយជាអ្នករឹងមាំ និងមានសេដ្ឋកិច្ចក្នុងដៃ ដោយលោកស្រីបានបញ្ជាក់ថា ស្ត្រីដែលមានសមត្ថភាពផ្ទាល់ខ្លួនក្នុងវិស័យសេដ្ឋកិច្ច គឺជាកត្តាសំខាន់មួយ ដែលអាចជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។
លោកស្រីបានថ្លែងបែបនេះកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធី “កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ” នៅមន្ទីរកិច្ចការនារីខេត្តកំពង់ធំ។
លោកស្រីបានបន្តដោយជំរុញការលើកកម្ពស់យេនឌ័រ ។លោកស្រីបញ្ជាក់ថា ការលើកកម្ពស់យេនឌ័រមិនត្រឹមតែជាការផ្ដល់សិទ្ធិ និងការគាំទ្រដល់ស្ត្រីនិងកុមារីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពដ៏សំខាន់សម្រាប់ការការពារ និងជួយសង្រ្គោះជនរងគ្រោះពីអំពើហិង្សានានា។ ដោយឡែកក្រុមការងារពហុវិស័យ ៧ ស្រុក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តអន្តរាគមន៍ និងឆ្លើយតបនឹងករណីអំពើហិង្សានៅមូលដ្ឋាន។
លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះជនរងគ្រោះ តាមរយៈការបង្កើត “គណៈមេធាវីសម្ដេចតេជោ” នៅក្រោមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលផ្ដល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃ ដល់ស្ត្រីនិងកុមារីដែលរងអំពើហិង្សា។
លោកស្រីបានលើកទឹកចិត្តថា ស្ត្រីត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការកសាងជីវភាព ស្វែងរកចំណូល និងមានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ជីវិតប្រចាំថ្ងៃ ព្រោះយ៉ាងហោចណាស់ វានឹងជួយកាត់បន្ថយការពឹងផ្អែក និងអាចជាជំហានដំបូងក្នុងការបញ្ចប់អំពើហិង្សាផងដែរ។
ចំណែកលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ក៏បានអះអាងពីសារៈសំខាន់នៃក្រុមការងារឆ្លើយតបជាពហុវិស័យ ៧ ស្រុកក្នុងខេត្ត ដែលមានភារកិច្ចជាក់លាក់ និងតួនាទីចម្បងសម្រាប់ការសម្របសម្រួល ការផ្ដល់សេវា និងការជួយសង្រ្គោះជនរងគ្រោះ។ លោកស្រីក៏បានអំពាវនាវឲ្យក្រុមការងារបន្តខិតខំលើកកម្ពស់យេនឌ័រ ដើម្បីការពារស្ត្រីនិងកុមារីពីការរំលោភបំពាន និងអំពើហិង្សាគ្រប់ទម្រង់៕
ដោយ៖ប៊ុនរដ្ឋា


