លោកស្រីអភិបាលរងខេត្តកំពង់ធំជំរុញឱ្យស្រ្តីកាន់តែរឹងមាំ

កំពង់ធំ៖លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវ​ឱ្យស្ត្រីក្លាយជាអ្នករឹងមាំ និងមានសេដ្ឋកិច្ចក្នុងដៃ ដោយលោកស្រីបាន​បញ្ជាក់ថា ស្ត្រីដែលមានសមត្ថភាពផ្ទាល់ខ្លួនក្នុងវិស័យសេដ្ឋកិច្ច គឺជាកត្តាសំខាន់មួយ ដែលអាច​ជួយកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ។

លោកស្រីបានថ្លែងបែបនេះកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២៥ ក្នុងកម្មវិធី “កិច្ចប្រជុំក្រុមការងារ​ឆ្លើយតប​ជាពហុវិស័យ​ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ” នៅមន្ទីរកិច្ចការនារីខេត្ត​កំពង់ធំ។

លោកស្រីបានបន្តដោយជំរុញការលើកកម្ពស់យេនឌ័រ ។លោកស្រី​បញ្ជាក់​ថា ការលើកកម្ពស់យេនឌ័រ​មិនត្រឹមតែជាការ​ផ្ដល់សិទ្ធិ និងការគាំទ្រដល់ស្ត្រីនិងកុមារីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពដ៏សំខាន់​សម្រាប់ការការពារ និងជួយសង្រ្គោះ​ជន​រងគ្រោះពីអំពើហិង្សានានា។ ដោយឡែកក្រុមការងារពហុវិស័យ ៧ ស្រុក ត្រូវបន្តយកចិត្តទុកដាក់​ខ្ពស់ ក្នុងការអនុវត្ត​អន្តរាគមន៍ និងឆ្លើយតបនឹងករណីអំពើហិង្សានៅ​មូលដ្ឋាន។

លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់​ចំពោះជនរងគ្រោះ តាមរយៈការបង្កើត “គណៈមេធាវី​សម្ដេច​តេជោ” នៅក្រោមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលផ្ដល់ជំនួយផ្នែក​ច្បាប់ឥតគិតថ្លៃ ដល់ស្ត្រីនិងកុមារី​ដែល​រងអំពើហិង្សា។

លោកស្រីបានលើកទឹកចិត្តថា ស្ត្រីត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន​តាមរយៈការកសាងជីវភាព ស្វែងរកចំណូល និងមាន​សេដ្ឋកិច្ច​គ្រប់គ្រាន់សម្រាប់ជីវិតប្រចាំថ្ងៃ ព្រោះយ៉ាងហោចណាស់ វានឹងជួយកាត់បន្ថយការពឹងផ្អែក និងអាចជាជំហាន​ដំបូងក្នុងការ​បញ្ចប់អំពើហិង្សាផងដែរ។

ចំណែកលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ ក៏បានអះអាងពីសារៈសំខាន់នៃក្រុមការងារ​ឆ្លើយតបជាពហុវិស័យ ៧ ស្រុកក្នុងខេត្ត ដែលមានភារកិច្ចជាក់លាក់ និងតួនាទីចម្បងសម្រាប់ការ​សម្របសម្រួល ការផ្ដល់សេវា និងការជួយសង្រ្គោះជនរងគ្រោះ។ លោកស្រីក៏បានអំពាវនាវឲ្យក្រុមការងារបន្តខិតខំលើកកម្ពស់យេនឌ័រ ដើម្បីការពារស្ត្រីនិងកុមារីពីការរំលោភបំពាន និងអំពើហិង្សាគ្រប់​ទម្រង់៕
ដោយ​៖ប៊ុន​រដ្ឋា

ads banner