រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥

កំពង់ធំ៖ នៅខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៥ ខែមិថុនា មន្ទីរបរិស្ថាន​ខេត្ត​កំពង់ចាមរួមជាមួយអាជ្ញាធរក្រុង​កំពង់ចាម បានប្រារព្ធទិវា​បរិស្ថាន​​ជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ «ប្រយុទ្ធប្រឆាំង​ការបំពុល​ដោយប្លាស្ទិក» ដោយមាន​វត្តមាន លោក គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាមអញ្ជើញចូលរួម ។

ក្នុងពិធីដែលប្រារព្ធនៅបរិវេណសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ថ្លែងទៅកាន់អ្នកចូលរួមយ៉ាងច្រើនកុះករលោក គន់ សុភា អភិបាល​រងខេត្តកំពង់ចាមបានគូសរំលេចថា ចាប់តាំងពីការបង្កើតប្លាស្ទិកមក សំណល់ប្លាស្ទិកយ៉ាងហោច ៨ពាន់​លាន​តោនបាន និងកំពុងបន្សល់ ទុកនៅលើភពផែនដី ខណៈពិភពលោកបាននិងកំពុងប្រើប្រាស់ផលិត​ផលពីប្លាស្ទិក​មាន​ប្រមាណជាង ៤០០ ទៅ ៦០០លានតោន​ក្នុងមួយ​ឆ្នាំៗ។ ដោយឡែកនៅកម្ពុជាក្នុងសំណល់ ១០០ភាគរយ​ដែល​បង្កើត​ឡើង យ៉ាងហោចក៏មានសំណល់ប្លាស្ទិកប្រមាណ ២០ភាគរយដែរ។

ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាប្រឈមបរិស្ថានសកលដ៏ធ្ងន់ធ្ងរ និងរីកលូតលាស់យ៉ាងឆាប់រហ័ស ខណៈការផលិត​ប្លាស្ទិកបានកើន​ឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែ​តម្លៃថោក ភាពធន់ និងភាពបត់បែន​ក្នុងការប្រើប្រាស់។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បាន​បញ្ជាក់ថា ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោកប្រារព្ធ​ឡើងនាថ្ងៃនេះ រៀបចំឡើងក្នុងគោល បំណងសំខាន់ ដូចជា៖ ១.លើកកម្ពស់ការ​យល់ដឹងសាធារណៈ, ២.ជំរុញការចូលរួម​យ៉ាងទូលំទូលាយ, ៣.បង្ហាញ​ការប្តេជ្ញាចិត្តថ្នាក់ជាតិ, ៤.កៀរគរធនធាន និងភាពជាដៃគូ, ៥.ជំរុញការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕


ដោយ៖លី ពៅ

ads banner