រុស្ស៊ីជួបមន្ត្រី UN ស្វែងរកការបញ្ចប់ជម្លោះ នៅប្រទេសស៊ូដង់
បរទេស ៖ មន្ត្រីអង្គការសហប្រជាជាតិ ឬ UN បានជួបមន្ត្រី ប្រទេសរុស្ស៊ី ស្វែងរកការបញ្ចប់ជម្លោះ នៅប្រទេសស៊ូដង់ ដែលស្ថិតក្នុងទ្វីបអាហ្រ្វិក នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃពុធ។
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ឲ្យដឹងថា ក្នុងជំនួបជាមួយ លោក Ramtane Lamamra បេសកជនផ្ទាល់ខ្លួន របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រចាំប្រទេសស៊ូដង់ ភាគីទាំងពីរបានរាយការណ៍ពីភាពបន្ទាន់ នៃការបញ្ចប់ជម្លោះ ដែលអូសបន្លាយ។
ក្រសួងបានបញ្ជាក់ថា នេះគឺជាតម្រូវការ សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដោយសហគមន៍អន្តរជាតិ ក្នុងគោលបំណងសម្រេចបានបទឈប់បាញ់ និងបន្តការសន្ទនាអន្តរស៊ូដង់ រវាងកងកម្លាំងនយោបាយ ដ៏មានឥទ្ធិពលទាំងអស់ និងក្រុមអ្នកសារភាពជនជាតិភាគតិច នៅក្នុងប្រទេសនេះ ជាចាំបាច់។
ក្រសួងការបរទេស បានបន្ថែមថា រុស្ស៊ីមានការយកចិត្តទុកដាក់ ជាពិសេស ចំពោះស្ថានការណ៍មនុស្សធម៌ដ៏ធ្ងន់ធ្ងរ តែក៏មិនចង់ មានការជ្រៀតជ្រែកពីខាងក្រៅ ដែលបំផ្លិចបំផ្លាញ នៅក្នុងវិបត្តិស៊ូដង់ នោះឡើយ។
បើតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ UNHCR បានឲ្យដឹងថា ប្រជាជនស៊ូដង់ជាង៤ លាននាក់បានភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីការផ្ទុះសង្រ្គាម ដោយអះអាងថា ជាដំណាក់កាលដ៏សោកនាដកម្ម ហើយបានព្រមានថា អំពើហិង្សាបន្តនឹងជំរុញឱ្យមនុស្សរាប់ពាន់នាក់ មានការផ្លាស់ទីលំនៅ ដែលបង្កហានិភ័យដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក។
របាយការណ៍បង្ហាញថា អំឡុងការផ្ទុះជម្លោះប្រដាប់អាវុធ ជាង១ឆ្នាំមកនេះ មនុស្សជាង៦ម៉ឺននាក់ត្រូវបានសម្លាប់ នៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ដោយមិនបានរាប់បញ្ជូលតួលេខអ្នកស្លាប់ នៅតំបន់ផ្សេងទៀត៕
ប្រភពពី RT ប្រែសម្រួល៖ សារ៉ាត