រយៈពេល ៥ខែកន្លងមកកម្ពុជានាំអង្គរចេញជាង ៣៤ម៉ឺនតោនដែលមានទំហំទឹកប្រាក់ជាង ២៥២លានដុល្លារ
(ភ្នំពេញ)៖ រយៈពេល៥ខែ នៃដើមឆ្នាំ២០២៥នេះ ពោលគិតចាប់ពីខែមករាដល់ដំណាច់ខែឧសភាឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៤៤ ១៩៩ តោន គិតជាទឹកប្រាក់ បានចំនួន ២៥២.៣០លានដុល្លារ សហរដ្ឋអាម៉េរិក។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា៖ក្នុងចំណោមអង្ករដែលនាំចេញនេះរួមមានដូចជា៖អង្ករក្រអូបគ្រប់ប្រភេទចំនួន ៧៥.៥៦ភាគរយ, ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣ភាគរយ, អង្ករសរីរាង្គចំនួន ២.០៣ភាគរយ, អង្ករចំហ៊ុយ ២.៤៣ភាគរយ និងអង្ករផ្សេងៗទៀតចំនួន ០.៦៥ភាគរយ ។
ប្រភពដដែលនេះបានបញ្ជាក់ដែរថាក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៦០ ៧៣២តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៩០ ៦៦៥តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ៤៩ ៧០០ តោន គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។ សម្រាប់ប្រទេសជិតខាងកម្ពុជាបាននាំស្រូវចេញ៣១០២៩៧៣តោនផងដែរ។
គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ ៖ ម៉ាដេប៉ូ