កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ សម្រាប់មុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី រវាង កម្ពុជា និងប្រទេស វៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (0%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជា ចំនួន ២៨បន្ទាត់ពន្ធគយ ពីសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញជាទម្រង់អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញដូចមានក្នុងឧបសម្ព័ន្ធ១ ដើម្បីទទួលបានអត្រាអនុគ្រោះពន្ធសូន្យភាគរយ (0%)។
ប្រភពដដែលនេះបានបញ្ជាក់ថា សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ ផលិតករ និងអ្នកនាំចេញ អាចមកដាក់ពាក្យស្នើសុំនៅក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នេះ ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥កន្លងមក៕
ដោយ ៖ ម៉ាដេប៉ូ
